នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ អ្នកបើកបររថយន្តឈ្នួល ពីបណ្ដាខេត្តនានា ចូលមកខេត្តសៀមរាប លើកឡើងថា ចំនួនរថយន្តធ្វើចរាចរណ៍ នៅតាមផ្លូវជាតិលេខ៦ រវាងព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តសៀមរាប មានការថយចុះ។ ការថយចុះ ត្រូវបានមើលឃើញថា ស្របពេលដែលចំនួនអ្នកមានវីរុសកូវីដ-១៩ នៅតាមបណ្ដាខេត្តទូទាំងប្រទេស កើនដល់ ១៣០៥នាក់ គិតត្រឹមម៉ោង៧:០០ព្រឹកថ្ងៃទី១៤ ខែមីនានេះ។
អ្នកបើកបររថយន្តឈ្នួល ពីខេត្តកំពង់ធំ ទៅខេត្តឧត្តរមានជ័យ ដោយឆ្លងកាត់ខេត្តសៀមរាប លើកឡើងថា រយៈពេលថ្មីៗនេះ ការធ្វើដំណើរតាមរថយន្ត មានការត្រួតពិនិត្យសុខភាពតឹងរឹង នៅតាមដងផ្លូវ មិនត្រឹមតែក្នុងខេត្តសៀមរាបនោះទេ។
បើតាមប្រសាសន៍ លោក ចឹក គឹមជុន នាយករងរដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី១២ ខែមីនានេះ ក៏បានបង្ហាញដែរថា ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវជាតិលេខ៦ ពីខេត្តកំពង់ធំ មកខេត្តសៀមរាប មានការប្រុងប្រយ័ត្នខ្ពស់ជាងមុន និងមានការកាត់បន្ថយការធ្វើចរាចរណ៍តាមរថយន្តដឹកអ្នកដំណើរ ដោយភាគច្រើន មានតែរថយន្តដឹកទំនិញធំៗតែប៉ុណ្ណោះ។
តាមសម្ដីរបស់ក្រុមអ្នកដំណើរ លើកឡើងថា ការពិនិត្យសុខភាពបឋម និងស្រង់ស្ថិតិអ្នកដំណើរ របស់អាជ្ញាធរខេត្តសៀមរាប នាពេលនេះ ក៏ដូចជាសារអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន គឺជាការគិតគូរពីអាយុជីវិតរបស់ប្រជាពលរដ្ឋ និងបានផ្ដល់ភាពកក់ក្ដៅ ដល់អ្នកដំណើរ ដើម្បីចៀសផុតពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ពីបុគ្គលទៅកាន់គ្រួសារ និងសហគមន៍ផងដែរ។
គួររំលឹកដែរថា តាមរយៈសារសំឡេងក្នុងបណ្តាញសារអេឡិកត្រូនិក កាលពីថ្ងៃទី៩ ខែមីនានេះ ឯកត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បញ្ចាក់ថា៖ ការរៀបចំប៉ុស្តិត្រួតពិនិត្យនេះ ពុំមែនជាការបិទផ្លូវធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនោះទេ គឺគ្រាន់តែធ្វើការត្រួតពិនិត្យសុខភាពបឋម និងស្រង់ស្ថិតិ នៅចំណុចព្រំប្រទល់ប៉ុណ្ណោះ។ រីឯការដឹកទំនិញ និងប្រជាពលរដ្ឋ អាចធ្វើដំណើរឆ្លងកាត់បានជាធម្មតា ដោយមិនមានការហាមឃាត់នោះឡើយ ។
អត្ថបទ និងរូបថត ៖ លោក សេង ផល្លី និង លោក ស៊ាន សុផាត