បើតាមលោកវរសេនីឯក ណុប សារ៉ាក់ ស្នងការរងខេត្តទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ កម្លាំងនគរបាលព្រហ្មទណ្ឌខេត្ត បានធ្វើការឃាត់ខ្លួនស្ដ្រីមានផ្ទៃពោះ៧ខែម្នាក់ ជាប់ពាក់ព័ន្ធករណីប្លន់ ដោយញាត់ក្រដាស់ជូតមាត់ ចាក់កាវ៥០២ចូលមាត់ស្ត្រីចំណាស់ប្លន់យកខ្សែក១ដំឡឹង នៅស្រុកអង្គរជុំ ខេត្តសៀមរាប។ ជនសង្ស័យមានឈ្មោះ គុណ ហួច ភេទស្រី អាយុ២៨ឆ្នាំ មានទីលំនៅក្នុងភូមិតាសោម ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប។
លោកវរសេនីឯក បានឲ្យដឹងទៀតថា កាលពីថ្ងែទី៣០ ខែមីនា ឆ្នាំ២០២១កន្លងទៅជនសង្ស័យបានធ្វើសកម្មភាពប្លន់លើស្រ្ដីចំណាសម្នាក់ ឈ្មោះ យ៉ម រួម ភេទស្រី អាយុ៦៧ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។ នៅម៉ោង១២ និង៣០នាទីថ្ងៃខែឆ្នាំដដែល ជនរងគ្រោះកំពុងស្ដារពាងទឹក ដើម្បីអោយគេដឹកទឹកមកដាក់អោយ។ ក្រោយស្ដាពាងរួចជនរងគ្រោះក៏បានចងអង្រឹងដេកនៅមុខផ្ទះតែម្នាក់ឯង ស្រាប់តែមានជនសង្ស័យ បានទៅច្របាច់មាត់ជនរងគ្រោះញាត់ក្រដាស់ជូតមាត់ហើយចាក់កាវ៥០២ចូលទៅក្នុងមាត់ជនរងគ្រោះ ខណ:ពេលដែលជនរងគ្រោះកំពុងតែដេកលក់នៅលើអង្រឹងធ្វើឲ្យជនរងគ្រោះវង្វេងស្មារតី និយាយមិនកើត ហើយជនសង្ស័យបានដោះយកខ្សែក ពីជនរងគ្រោះចំនួន១ដំឡឹងរួចរត់គេចខ្លួន។
លោកបន្ថែមថា ក្រោយឃាត់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកកៅ៥០២ ចាក់ចូលក្នុងមាត់ជនរងគ្រោះ និងបានលួចយកខ្សែកដែលជនរងគ្រោះពាក់ពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ ដើម្បីចាត់ការតាមនីតិវិធី៕
អត្ថបទ និង រូបភាព៖ ខេង ឧត្តម