នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ នៅសាលាខេត្តសៀមរាប ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បាននាំយកអំណោយសប្បុរសធម៌ របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តសៀមរាប រួមមាន អង្ករ១៧តោន និង២២០គីឡូក្រាម ថ្នាំOmega ២០០កំប៉ុង ,ថ្នាំVitamin-C ២០០កំប៉ុង និង អាល់កុល ២០០ដប ដើម្បីឧបត្ថម្ភជូនមន្ត្រី និងកម្មករសាលាខេត្ត ក្នុងវិបត្តិជំងឺកូវីដ-១៩។
ក្នុងនាមសម្តេចពិជ័យសេនា ឯកឧត្តម ទៀ សីហា បានអំពាវនាវ ដល់មន្ត្រីរាជការ កម្មករក្នុងសាលាខេត្ត ក៏ដូចមន្ទីរអង្គភាពនានាក្នុងខេត្តសៀមរាប ត្រូវចូលរួម ក្នុងការប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ កុំឲ្យមានឆ្លងរាលដាលជំជំងឺកូវីដ-១៩ជាលក្ខណៈសហគមន៍ ។ ទោះបីខេត្តសៀមរាប ពុំទាន់មានឆ្លងបន្តទៀតក្ដី តែយើងចាំបាច់ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ផងដែរ ពីព្រោះថា ជំងឺកូវីដ-១៩ អាចចម្លងពីមនុស្សម្នាក់ទៅមនុស្សយ៉ាងឆាប់រហ័ស។
ជាមួយនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំ ដល់មន្ត្រី កម្មករ គឺត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួននូវវិធានការណ៍ ៣ការពារ ៣កុំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។ ជាពិសេស ការអនុវត្តន៍តាមសេចក្ដីណែនាំរបស់រដ្ឋបាលខេត្តសៀមរាប អំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។
នាព្រឹកដដែនោះ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ក៏បានទទួលអំណោយសប្បុរសធម៌ ពីក្រុមហ៊ុនស្រាបៀរ ហ្គេនបឺគ នូវធុងបាញ់ថ្នាំសម្លាប់មេរោគ ចំនួន១៥គ្រឿង និង ស្រាបៀរ ៥០កេស ប្រគល់ជូនដល់រដ្ឋបាលខេត្តសៀមរាប ដើមី្បយកទៅប្រើប្រាស់ ក្នុងការប្រយុទ្ធប្រឆាំងបង្ការទប់ស្កាត់ជំងឺកូវិដ-១៩ ផងដែរ។
អត្ថបទ និងរូបភាព៖ លោកទ្រា ពន្លឺ និងលោកម៉ី សុខារិទ្ធ