កាលពីរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ សាលាគណខេត្តសៀមរាប បាននាំយកទេយ្យទានជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគដូចជាអង្ករ មី ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ បន្លែជាច្រើនមុខ ម៉ាស អាល់កុលជាដើម និងបច្ច័យសរុបជាថវិកាប្រមាណជាង ១១លានរៀល ទៅឧបត្ថម្ភដល់អាជ្ញាធរសង្កាត់ចំនួន៤គឺ ៖ សង្កាត់សាលាកំរើក, សង្កាត់ស្វាយដង្គំ , សង្កាត់សៀមរាប និង សង្កាត់គោកចក ចំនួន២ភូមិ ដែលជាតំបន់បិទខ្ទប់ការពារការចម្លងកូវីដ-១៩ ដើម្បីឧបត្ថម្ភកម្លាំងអាជ្ញាធរ និងប្រជាការពារដែលប្រចាំការតាមច្រកសំខាន់ៗ ក្នុងតំបន់បិទខ្ទប់ និងដើម្បីលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងក្នុងបន្ទុកគ្រប់គ្រងការពារថែរក្សាសុខភាពសាធារណៈ ដល់បងប្អូនកុំឱ្យចេញដើររហេតរហូត ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដលជំងឺកូវីដ-១៩ទៅក្នុងសហគមន៍ ដែលកម្មវិធីនេះ ជាព្រះទ័យផ្តួចផ្តើមរបស់ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ ឧត្តមទីប្រឹក្សាគណសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សមាជិកថេរសភាសង្ឃ និងព្រះចៅអធិការវត្តរាជបូណ៌ ។
ព្រះគ្រូធម្មសិរីញាណ ធម្មទិន្នោ ឡម លឿម នាយកប្រតិបត្តិសមាគមជីវិតនិងក្តីសង្ឃឹម មានសង្ឃដីកាថា សម្ភារជាស្បៀងអាហារបន្តិចបន្តួចនេះ បានមកពីការប្រគេនដល់ព្រះសង្ឃរបស់ទាយក ទាយិកា និងសប្បុរសជនជិតឆ្ងាយ មន្ត្រីសង្ឃសាលាគណខេត្ត បានសន្សំនិងប្រមូលបំរុងទុកសម្រាប់ចែកជូនគ្រួសារ ឬអាជ្ញាធរមូលដ្ឋាននីមួយៗ ដែលជួបហានិភ័យដោយប្រការផ្សេងៗ សម្រាប់ដោះស្រាយការលំបាកមួយគ្រាៗ ព្រោះថា ការលំបាករបស់អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពុទ្ឋបរិស័ទក៍ជាការលំបាករបស់ព្រះសង្ឃដែរ ដូច្នេះហើយមន្ត្រីសាលាគណខេត្ត តែងតែជួយគិតគូរ និងផ្តល់ជូនទៅតាមលទ្ឋភាពដែលក្រុមព្រះសង្ឃមាន ហើយសកម្មភាពចែករំលែកការលំបាកនេះ គឺមិនមែនជាលើកដំបូងនោះឡើយ សម្រាប់ការប្រព្រឹត្តិទៅនៃក្រុមព្រះសង្ឃក្នុងខេត្តសៀមរាប ទាំងក្នុងតម្លៃមនុស្សធម៌ និងក្នុងតម្លៃជាចលនាសប្បុរសធម៌ដើម្បីជួយសង្គមនោះ ។
ក្នុងឱកាសនោះដែរ ព្រះគ្រូធម្មសិរីញាណ ធម្មទិន្នោ ឡម លឿម បានអំពាវនាវឲ្យអាជ្ញាធរដែនដី និង ប្រជាពុទ្ធបរិស័ទទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការនានារបស់ក្រសួងសុខភិបាល ពិសេសវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ និង ៣ការពារ ៕
អត្ថបទ និងរូបភាព ៖ សហការី
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត