នៅព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២១នេះ លោក ណម ពិសិដ្ឋ ហេរញ្ញិកនៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងសហការី បាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនប្រជាពលរដ្ឋលំនៅឋានរងគ្រោះដោយខ្យលកន្ត្រាក់នៅស្រុកពួកចំនួន ៣៤គ្រួសារ ក្នុងនោះ ៖ នៅឃុំយាង មានរលំផ្ទះចំនួន០៣ខ្នង របើកដំបូងផ្ទះចំនួន២៦ខ្នង , ឃុំសសរស្ដម្ភ រលំផ្ទះចំនួន ០២ខ្នង របើកដំបូលផ្ទះចំនួន ០២ខ្នង និងឃុំកែវពណ៌ របើកដំបូលផ្ទះចំនួន ០១ខ្នង និងគ្រួសារសមាជិកលង់ទឹកស្លាប់២គ្រួសារ ដែលពិធីនេះបានប្រារព្ធឡើងនៅក្នុងបរិវេណវត្តយាង ក្នុងឃុំយាង ស្រុកពួក ។
មានប្រសាសន៍នាឱកាសនោះ លោក ណម ពិសិដ្ឋ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ហើយក្នុងនាមគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប សូមសំដែងនូវការសោកស្ដាយជាពន់ពេកចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ។
លោក ណម ពិសិដ្ឋ បន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ពិសេសក្នុងឱកាសនេះ សូមអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែចេះការពារខ្លួនពីជំងឺរលាកសួតប្រភេទថ្មី (COVID-19) ដោយមេត្តាកុំមានការប្រមូលផ្ដុំជួបជុំជាក្រុម និងត្រូវអនុវត្តន៍តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងវិធាននានារបស់ក្រសួងសុខភិបាល ។
សូមជម្រាបថា អំណោយមនុស្សធម៌ដែលបានផ្ដល់ជូននាពេលនេះ រួយមាន ៖ ១. សម្រាបគ្រួសាររលំផ្ទះ ក្នុងមួយគ្រួសារទទួលបាន មុង១ , ភួយ១ , សារុង១ , ក្រមា១ , កន្ទេល១ , អាវយឺត២ , ស័ង្កសី ១៦សន្លឹក , មី១កេស , ទឹកត្រី ១យួរ , ត្រីខ១យួរ , អង្ករ៣០គីឡូក្រាម និងថវិកា ២សែនរៀល , ២. គ្រួសាររបើកដំបូលផ្ទះក្នុងមួយគ្រួសារទទួលបាន មុង១ , ភួយ១ , សារុង១ , ក្រមា១ , កន្ទេល១ , អាវយឺត២ , ស័ង្កសី ១០សន្លឹក , មី១កេស , ទឹកត្រី១យួរ , ត្រីខ១យួរ , អង្ករ៣០គីឡូក្រាម និងថវិកា ១សែនរៀល និង ៣. គ្រួសារលង់ទឹកស្លាប់ក្នុងមួយគ្រួសារទទួលបានមុង១ , ភួយ១ , សារុង១ , ក្រមា១ , អាវយឺត២ , មី១កេស , ត្រីខ១យួរ , អង្ករ៣០គីឡូក្រាម និងថវិកា ៤សែនរៀល៕
អត្ថបទ និងរូបភាព ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត