ការបើកសម្ពោធ រោងភាពយន្តទំនើប លេជេន ហេរីថែក វ៉ក នៅកណ្ដាលក្រុងសៀមរាប បង្ហាញថា ខេត្តប្រវត្តិសាស្ត្រមួយនេះ ពុំមែនមានតែការរីកចម្រើនលើវិស័យទេសចរណ៍ និងកសិកម្មប៉ុណ្ណោះទេ តែវាបានបង្ហាញពីសន្ទុះនៃការវិនិយោគ ស្របតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថា ខេត្តសៀមរាប ជាតំបន់មួយក្នុងចំនោមបី ដែលមានអាទិភាព ក្នុងការអភិវឌ្ឍន៍រួមមាន ទីក្រុងភ្នំពេញ ក្រុងព្រះសីហនុ និងខេត្ត សៀមរាប។
នាព្រឹកថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០១៩ ក្នុងឱកាសសម្ពោធរោងភាពយន្ត លេជេន ហេរីថែក វ៉ក ក្នុងខេត្តសៀមរាប លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប មានប្រសាសន៏ថា ខេត្តសៀមរាប មានសក្តានុពលខាងវិស័យ ទេសចរណ៍ សម្បូរទៅដោយប្រាង្គប្រាសាទបុរាណ រមណីយ-ដ្ឋានធម្មជាតិ និងប្រវត្តិសាស្ត្រ ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនចូលមកទស្សនា។ ក្នុងឆ្នាំ២០១៨ កន្លងទៅនេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនា ខេត្តសៀមរាប មានចំនួន ៥.៧៣៥.២៩៨ (ប្រាំលាន ប្រាំពីររយ សាមសិបប្រាំពាន់ ពីររយកៅសិបប្រាំបី)នាក់ កើនឡើង៥,៣៦% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧ មានចំនួន ៥.៤៤៣.៤៣៤ (ប្រាំលាន បួនរយសែសិបបីពាន់ បួនរយសាម សិបបួន)នាក់ ដែលអាចទាញចំណូលថវិកាពីការលក់សំបុត្រ សម្រាប់ភ្ញៀវទេសចរបរទេស ជូនរដ្ឋជាង១០០លានដុល្លារ ក្នុង ឆ្នាំ២០១៩។
លោក ពិន ប្រាកដ បានបញ្ជាក់ថា តាមរយៈការអនុវត្តគោលនយោបាយឈ្នះឈ្នះ និងការដឹកនាំ ដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាធានាបាននូវ សុខសន្តិភាព ស្ថេរភាពនយោបាយ សុវត្ថិភាពសង្គម សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋជាលំដាប់។ ក្នុងនោះខេត្តសៀមរាប ក៏បានប្រែក្លាយមុខមាត់របស់ខ្លួន បានយ៉ាងឆាប់រហ័ស និងទាក់ទាញដៃគូវិយោគសំខាន់ៗ ពីជុំវិញពិភពលោក សំដៅសម្រេចឱ្យបាននូវទស្សនទាន «ការអភិវឌ្ឍបច្ចុប្បន្ន គឺសម្រាប់យើងបច្ចុប្បន្នផង និងជំនាន់ក្រោយផង»។
អត្ថបទ និង រូបថត ៖ លោក ស៊ាន សុផាត
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី