ឯកឧត្តម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា គម្រោងកែលម្អសោភ័ណភាព នៅមុខបរិវេណព្រះលានជលដំរី នៃក្រុងអង្គរធំ ដែលបានចាប់អនុវត្តពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១រហូតមកដល់ពេលនេះ គឺក្រុមការងារសម្រេចបានប្រមាណជា៧០ភាគរយហើយ ហើយបើតាមការគ្រោងទុក ក្នុងករណីដែលមិនមានឧបស័គ្គ ការកែលម្អបរិវេណមុខព្រះលានជល់ដំរីនេះ នឹងត្រូវប្រើរយៈពេល៦ខែ ដោយប្រែក្លាយផ្លូវកៅស៊ូ ដែលនៅជាប់នឹងព្រះលានជល់ដំរី ឲ្យក្លាយជាថ្មើរជើង និងមានដាំស្មៅ និងដើមឈើ ដើម្បីបង្កើនសោភ័ណភាពនៅបរិវេណនេះ ឲ្យវិលរកលក្ខណៈដើម និងភាពស្រស់បំព្រង ចំណែកប្រជាពលរដ្ឋដែលធ្វើដំណើដោយយានយន្ត ពួកគាត់នឹងត្រូវបង្វែរឲ្យធ្វើដំណើរនៅលើផ្លូវប្របប្រាសាទសួរព្រ័តវិញ ។
ឯកឧត្តម ឡុង កុសល បានឲ្យដឹងទៀតថា ការកែលម្អនៅទីនេះ គឺអាជ្ញាធរជាតិអប្សរា បានធ្វើឡើងឱ្យស្របទៅលំនាំប្រាសាទបុរាណ ដើម្បីលើកតម្លៃវប្បធម៌ ធ្វើយ៉ាងណាឱ្យខាងមុខព្រះលានជល់ដំរីនេះ មានទេសភាពល្អ មានពណ៌បៃតងទាក់ទាញអ្នកទេសចរជាតិ និងអន្ដរជាតិ ទៅទស្សនា ក្រោយបញ្ចប់ជំងឺកូវីដ -១៩ នាពេលខាងមុខ ព្រោះបើតាមឯកសារប្រវត្តិសាស្ត្រដែលបានបង្ហាញថា នៅមុនឆ្នាំ១៩០៩ នៅមុខព្រះលានជល់ដំរីនេះ មិនមានផ្លូវធ្វើដំណើរទេ ទើបមកដល់ឆ្នាំ១៩១២ ទើបគេឃើញមានស្លាកស្នាមផ្លូវមួយខ្សែដែលនៅប្របប្រាសាទសួរព្រ័ត ចំណែកផ្លូវដែលនៅជាប់នឹងព្រះលានជល់ដំរីនោះ គឺមិនទាន់ឃើញមាននោះទេ ។
ឯកឧត្តម ឡុង កុសល បានឲ្យដឹងបន្ថែមថា ការរៀបចំលែងឱ្យមានចរាចរណ៍យានយន្តលើគន្លងផ្លូវចាស់ ដោយជំនួសផ្លូវវាងថ្មីនេះ បានរួមចំណែកសំខាន់ក្នុងការបញ្ជៀសកុំឱ្យប៉ះពាល់ដល់ប្រាសាទបុរាណ ដោយសារតែ ភាពរំញ័រ នៃគ្រឿងយន្ដ ខណៈដែលគន្លងផ្លូវចាស់ បានកែលម្អឡើងវិញ ដោយធ្វើជាផ្លូវថ្មើរជើង សម្រាប់ដើរទស្សនាប្រាសាទ និងដើម្បីលើកតម្កើង ថែរក្សា អភិរក្ស វប្បធម៌ជាតិ ។
សូមបញ្ជាក់ថា ការរៀបចំកែលម្អនេះ បានធ្វើឡើងបន្ទាប់ពីអាជ្ញាធរជាតិអប្សរាបានប្រើពេលពេញមួយឆ្នាំ២០២០ ដើម្បីធ្វើការកែប្រែសោភណ្ឌភាព មុខប្រាសាទអង្គរវត្ត ឲ្យមានភាពស្រស់បំព្រង សក្តិសមជាដួងព្រលឹងនៃកេរមរតកដូនតាខ្មែរ និងជាផ្នែកមួយ ក្នុងការត្រៀមខ្លួនរបស់រមណីយដ្ឋានអង្គរ ក្នុងការទទួលអ្នកទេសចរពីគ្រប់ទិសទីចូលមកកម្សាន្ត ក្រោយពេលពិភពលោកបញ្ចប់វិបត្តិជំងឺឆ្លងកូវីដ១៩ ៕
អត្ថបទ និង រូបថត ៖ លោក ជា ស្រស់
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត