នៅព្រឹកថ្ងៃទី១០ ខែ កក្កដា ឆ្នាំ២០២១ នេះ លោក សុខ តុញ ប្រធានក្រុមប្រឹក្សាភិបាលនិងជាស្ថាបនិកនៃវិទ្យាស្ថានអប់រំសាំងហ្គាពួរ និង សហការី បាននាំយកទឹកបរិសុទ្ធចំនួនប្រមាណជាង២០០កេស ប្រគល់ជូនដល់ក្រុមគ្រូពេទ្យដែលបានចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាប ចំនួន៥ទីតាំង គឺទីតាំងវត្តកេសរារាម , មន្ទីរពេទ្យបង្អែកខេត្តសៀមរាប , សាលាបឋមសិក្សាវត្តបូព៌ , វត្តប្រាសាទគោកចក និង ទីតាំងអនុវិទ្យាល័យពោធិ៍បន្ទាយជ័យ ។
លោក សុខ តុញ បានមានប្រសាសន៍ថា ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ លោកពិតជារីករាយណាស់ ដែលមានឱកាសបានចូលរួមជួយឧបត្ថម ជាទឹកបរិសុទ្ធដល់ក្រុមគ្រូពេទ្យ ដែលបានចុះយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាបនាពេលនេះ ដែលការចូលរួមនេះ គឺជាទឹកចិត្ត និងសប្បុរសធម៌ជួយគ្នានៅក្នុងគ្រាដែលប្រទេសជាតិកំពុងជួបគ្រោះអាសន្នដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ខណ:ពេលបច្ចុប្បន្នដែលថ្នាក់ដឹកនាំ និងក្រុមការងារសមាគមគ្រូពេទ្យ និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្មដើម្បីជាតិ និងប្រជាជន និង ជាស្មារតីឆ្លុះបញ្ចាំងឱ្យឃើញ អំពីការរួមសាមគ្គីគ្នា ដើម្បីជួយដល់ប្រជាពលរដ្ឋ ក្នុងកាលៈទេសៈ ដ៏លំបាកនេះ ៕
អត្ថបទ និង រូបថត ៖ លោក ទ្រា ពន្លឺ
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត