ឧបករណ៍ធ្វើតេស្ដរហ័ស( Rapid Test) ចំនួន ៣ពាន់គ្រឿង ត្រូវបានផ្ដល់អោយមន្ទីរពេទ្យកុមារអង្គរ ខេត្ដសៀមរាប នារសៀលថ្ងៃទី១៨ ខែកក្កដាឆ្នំា២០២១នេះ ដើម្បីបំពេញសេចក្តីត្រូវការក្នុងការព្យាបាលអ្នកជំងឺនៅមន្ទីរពេទ្យកុមារអង្គរនេះ។ ការឧបត្ថម្ភឧបករណ៍ធ្វើតេស្ដរហ័សនេះ ក្រោយពេលដែលមន្ទីរពេទ្យនេះអំពាវនាវដល់សាធារណ:ជន អំពីការខ្វះខាតនូវសម្ភារ: ឧបករណ៍គ្រូពេទ្យសម្រាប់រកមេរោគកូវីដ-១៩ ខណ:ដែលមន្ទីរពេទ្យនេះបានរកឃើញមេរោគកូវីដ-១៩ ទៅលើកុមារចំនួន២នាក់។
លោក ងួន ច័ន្ទភ័ក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ មានប្រសាសន៍ថា ឧបករណ៍តេស្ដរហ័សជំងឺកូវីដ-១៩ ចំនួនជាង៣ពាន់ឧបករណ៍នេះ គឺអាចជួយឱ្យមន្ទីរពេទ្យកុមារអង្គរ មានលទ្ធភាពអាចធ្វើតេស្ដរកមេរោគកូវីដ-១៩ បានភ្លាមៗ និងប្រើប្រាស់ទាន់ពេលវេលា ទៅលើកុមារមកទទួលសេវាព្យាបាលជំងឺ និងក្រុមគ្រួសារអ្នកជំងឺ ក្នុងរយ:ពេលប្រហែលជា៧ខែ។ ជាមួយគ្នានេះមន្ទីរពេទ្យក៏ត្រូវការនូវឯកសណ្ឋានពាក់ការពារជំងឺកូវីដ-១៩ ក្នុងពេលបំពេញការងារពាក់ព័ន្ធបញ្ហាជំងឺកូវីដ-១៩ ផងដែរ ខណ:ដែលមន្ទីរពេទ្យនេះ បានបង្កើតអាគារសម្រាប់អ្នកជំងឺកូវីដ-១៩ ដាក់ដាច់ដោយឡែក ដែលអាចចំណាយថវិកាប្រមាណ៥ម៉ឺនដុល្លា។ លោកបញ្ជាក់ថា៖ ឧបករណ៍តេស្តរហ័សនេះជាយុទ្ធសាស្រ្តមួយដ៏ល្អ និងមានសារសំខាន់បំផុត ដើម្បីជួយដល់កុមារ និងក្រុមគ្រួសាររបស់ពួកគាត់ ក្នុងការរកមេរោគកូវីដ-១៩ និយាយរួមវាជួយឱ្យក្រុមការងារប្រតិបត្តិកិច្ចការបានលឿនទាន់ពេលវេលា ហើយវាមិនបែកធ្លាយឆ្លងទៅសហគមន៍បន្តទៅទៀត។
លោក សុខ សីហា ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ដសៀមរាប មានប្រសាសន៍ថា ដោយមើលឃើញពីមន្ទីរពេទ្យកុមារអង្គរ មានការខ្វះឧបករណ៍ធ្វើតេសស្ដរហ័សរកមេរោគកូវីដ-១៩ ក្រសួងប្រៃសណីយ៍ បានផ្តល់ឧបករណ៍តេស្តរហ័សកូវីដ -១៩ចំនួន៣ពាន់ឧបករណ៍ ប្រគល់ជូនដល់មន្ទីរពេទ្យកុមារអង្គរ។ ដែលឧបករណ៍តេស្ដរហ័សនេះ ជាអំណោយ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃណីយ និងទូរគមនាគមន៍។ ការផ្ដល់ឧបករណ៍តេស្ដរហ័សនេះដែរ ដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានទាន់ពេលវេលាសម្រាប់ធានាសុវត្ថិភាពអ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ។
សូមបញ្ជាក់ថា៖ ថ្មីៗនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនគមន៍ បាននាំចូលឧបករណ៍តេស្តរហ័សរកមេរោគកូវីដ-១៩ ពីប្រទេសកូរ៉េ ដើម្បីចែកចាយបន្តក្នុងតម្លៃដើម ៣,៧ ដុល្លារអាមេរិក ក្នុង១ឧបករណ៍។ ក្រសួងបាន បង្ហាញលក្ខខណ្ឌ និងរបៀបបញ្ជាទិញឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ដែលអំណោយផលសម្រាប់តែស្ថាប័នរដ្ឋ និងក្រុមហ៊ុន ឬគ្រឹះស្ថានឯកជន ចំណែកសាធារណជនមិនទាន់អាចទិញបានទេ ចំណែកឧបករណ៍តេស្តរហ័សនោះនឹងដាក់លក់ក្នុងតម្លៃដើមដោយមិនអនុញ្ញាតឲ្យមានការលក់បន្តឡើយ៕
អត្ថបទ និងរូបភាព៖ លោកបូ សាវី ,លោក យូ វង្ស
កែសម្រួលអត្ថបទ៖ លោក លីវ សុខុន