ដើម្បីចូលរួមចំណែកសម្រាលទុក្ខលំបាកជាមួយនឹងប្រមុខរាជរដ្ឋាភិបាល និងដើម្បីចូលរួមសម្រួលដល់រដ្ឋបាលស្រុកអង្គរធំ ក្នុងកំឡុងពេលដំណើរការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ លោក សុខ តុញ ស្ថាបនិកក្រុមហ៊ុនបនិក ក្រុមហ៊ុន សុខ តុញ រៀលអ៊ីសស្ទេត និងជាប្រធានក្រុមប្រឹក្សាភិបាលគម្រោង អង្គរ អ៊ីកូ រ៉េស៊ីដេន បាននាំយកទឹកបរិសុទ្ធចំនួន៥០០យួរ និងអាកុលចំនួន២កាន ព្រមទាំងថវិកាចំនួន៦០០,០០០រៀល មកប្រគល់ជូនដល់ក្រុមការងាររដ្ឋបាលស្រុកអង្គរធំ ដែលប្រចាំការក្នុងទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅក្នុងវិទ្យាល័យ តេជោហ៊ុនសែន អង្គរធំ ក្នុងឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប ដើម្បីទុកប្រើប្រាស់តាមតម្រូវការចាំបាច់ប្រចាំថ្ងៃ។
ក្នុងឱកាសនោះលោក សុខ តុញ មានប្រសាសន៍ថា ក្នុងពេលវេលានេះ យើងត្រូវតែចាំបាច់ចូលរួមជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងពេលដែលប្រជាពលរដ្ឋបាននឹងកំពុងជួបនូវវិបត្តិជំងឺកូវីដ-១៩ ក្នុងនោះបងប្អូនប្រជាពលរដ្ឋនៅខេត្តសៀមរាប និងនៅតាមបណ្តាក្រុង/ស្រុក មួយចំនួនក៏បានទទួលរងគ្រោះធ្វើឲ្យប៉ះពាល់នូវជំងឺដ៏កាចសាហាវនេះ។ អំណោយដែលបានយកមកផ្តល់ជូនដល់រដ្ឋបាលស្រុកអង្គរធំនេះ គឺសម្រាប់ប្រើប្រាស់ ក្នុងទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ហើយអំណោយនេះកើតចេញឡើងពីទឹកចិត្តដ៏សប្បុរសរបស់ក្រុមហ៊ុនលោក រួមជាមួយសប្បុរសជន ដែលវាជាសិល្ប: នៃការចែករំលែកក្នុងគ្រាលំបាក ក្នុងការប្រយុទ្ធប្រឆាំងជំងឺដ-១៩ នៅតាមមូលដ្ឋានផងដែរ។
បើតាមលោក ឡុង រដ្ឋារក្ស អភិបាល នៃគណៈអភិបាលស្រុកអង្គរធំ មានប្រសាសន៍ថា កាយវិការមនុស្សធម៌របស់ក្រុមហ៊ុនសុខតុញរៀលអ៊ីសស្ទេត នៅពេលនេះ គឺបានបង្ហាញពីទឹកចិត្តយ៉ាងល្អប្រពៃ ជាវប្បធម៌នៃការចែករំលែក ចេះជួយគ្នាក្នុងគ្រាដែលជួបទុក្ខលំបាក និងជាការជួយទាន់ពេលវេលា និងចំគោលដៅ ហើយសកម្មភាពនេះ ជាការចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋបាលស្រុក ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការងារមនុស្សធម៌ និងការងារប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ-១៩។ ចំពោះអំណោយទាំងអស់នេះ គឺពិតជាមានតម្លៃ និងសារៈសំខាន់ខ្លាំងណាស់ ស្របពេលដែលរដ្ឋបាលស្រុកកំពុងតែត្រូវការជាចាំបាច់សម្រាប់ប្រើប្រាស់ និងធ្វើការចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងអំឡុងពេលចាក់វ៉ាក់សាំង និងក្រោយពេលចាក់វ៉ាក់សាំងរួច។ ជាមួយគ្នានោះដែរលោកអភិបាលស្រុក ក៏បានសំណូមពរដល់ក្រុមហ៊ុនសុខ តុញ រៀលអ៊ីសស្ទេត និងសប្បុរសជនទាំងអស់ សូមបន្តនូវប្រពៃណីវប្បធម៌ចែករំលែកនេះ ទៅតាមបណ្តាក្រុង/ស្រុកផ្សេងៗទៀត ព្រោះអំណោយមនុស្សធម៌ដ៏ថ្លៃថ្លានេះ គឺពិតជាមានសារៈប្រយោជន៍ណាស់សម្រាប់រដ្ឋបាលស្រុក ដែលកំពុងតែត្រូវការសម្រាប់ប្រើប្រាស់ក្នុងការងារមនុស្សធម៌ទាំងអស់ប្រើប្រាស់ឲ្យចំទិសដៅ៕
អត្ថបទ និង រូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ