អាជ្ញាធរជាតិអប្សរា សហការជាមួយទីចាត់ការបំភ័ន្តអក្ខរ: នៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បានបញ្ចប់ដោយជោគជ័យលើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី២ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទូទៅ ហើយ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ម្សិលមុិញនេះ។
ដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ទាំងពីរលើកនេះ បានប្រព្រឹត្តទៅនៅបរិវេណនាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការ នៃអាជ្ញាធរជាតិអប្សរា។
ឯកឧត្តម ឧត្តមសេនីយ៍ឯក មុន្នី ហោរ៉ាត នាយករងសេនាធិការចម្រុះ នាយកទីចាត់ការបំភ័ន្តអក្ខរ: នៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ មានប្រសាសន៍ថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវី-១៩ ដូសទី២នេះ គឺបានបញ្ចប់ប្រកបទៅដោយភាពរលួន និងរហ័សតាមការគ្រោងទុក ខណ:ដែលមន្ដ្រី នៃស្ថាប័នអាជ្ញាធរជាតិអប្សរាមានការសម្របសម្រួលបានល្អប្រសើរទាំងសណ្តាប់ធ្នាប់ និងការងារផ្សេងៗ។ លោកឧត្ដមសេសនីយ៍បានសម្តែងក្តីសប្បាយរីករាយ និងថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដែលបានសហការយ៉ាងល្អប្រសើរ ជាពិសេសការសម្របសម្រួលផ្តល់ទីតាំងសម្រាប់ចាក់វ៉ាក់សាំង ទាំងពីរលើកឱ្យដំណើរដោយជោគជ័យ។
ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ក៏បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល និងទីចាត់ការបំភ័ន្តអក្ខរ: នៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ជាពិសេសក្រុមគ្រូពេទ្យទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការផ្តល់ការវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំងពីរលើក ធ្វើឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកគ្រប់លំដាប់ និងបងប្អូនប្រជាពលរដ្ឋទូទៅ ដែលរស់នៅជិតនោះ មានទំនុកចិត្ត និងធានាថាអាចការពារជំងឺឆ្លងដ៏កាចសាហាវនេះបាន។ឯកឧត្ដម បានបន្ដថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ អាជ្ញាធរជាតិអប្សរា បានសម្រេចផ្តល់ទីតាំងសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកគ្រប់លំដាប់ និងបងប្អូនប្រជាពលរដ្ឋទូទៅទំាងពីរលើក ដោយការចាក់វ៉ាក់សំាងដូសទី១ មានរយ:ពេល២១ថ្ងៃ ចាប់ពីថ្ងៃទី១០ ខែកក្កដា រហូតដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ និងដូសទី២ បានចាប់ផ្តើមពីថ្ងៃទី០១ ខែសីហា រហូតដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១នេះ ដែលមានប្រជាពលរដ្ឋទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ទាំងពីរដូសនេះប្រហែលជាង១ម៉ឺននាក់៕
អត្ថបទ និងរូបភាព: លោកបូ សាវីកែសម្រួលដោយ លីវ សុខុន!!!