អាជ្ញាធរខេត្តសៀមរាបនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៨៧នាក់ និងព្យាបាលជាសះស្បើយចំនួន១៩៩នាក់ ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភ: នេះ។
យោងតាមសេចក្តីប្រកាសនៅថ្ងៃដដែលបានបញ្ជាក់ថា ក្នុងចំណោមករណីរកឃើញថ្មីទាំង៨៧នាក់ ចំពោះករណីទី១ ដល់ទី៨ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី ,ករណីទី៩ ដល់ករណីទី៤២ ជាករណីមានប្រភពចម្លងចេញពីផ្សារពួក។ ដោយឡែក ករណីទី៤៣ ដល់ករណីទី៤៤ គឺជាករណីឆ្លងបន្តពីអ្នកដំណើរមកពីខេត្តបន្ទាយមានជ័យ និងពីអាជីវករទៅទិញបន្លែពីផ្សារពុមពុយខេត្តបាត់ដំបង ចំពោះ ករណីទី៤៥ ដល់ទី៨៧ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។
ទន្ទឹមនឹងនោះ ក្រុមគ្រូពេទ្យក៏មានព្យាបាលជាសះស្បើយ ចំនួន១៩៩នាក់ផងដែរ ហើយអ្នកទាំងនោះត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែកត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយ:ពេល ១៤ថ្ងៃទៀត។
នៅថ្ងៃដដែនេះដែរ ខេត្តសៀមរាបក៏មានករណីស្លាប់ចំនួន៣នាក់ រួមមាន៖ ទី១.ឈ្មោះ ងួន រួន ភេទស្រី អាយុ៦៩ឆ្នាំ អាសយដ្ឋាននៅភូមិគោកដូង ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ និងបានស្លាប់ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។ ទី២.ឈ្មោះ សេង ពុទ្ធី ភេទស្រី អាយុ៤៣ឆ្នាំ អាសយដ្ឋាននៅភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ និងបានស្លាប់ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។ ទី៣.ឈ្មោះ ជា សុខារី ភេទស្រី អាយុ៥៦ឆ្នាំ អាសយដ្ឋាននៅភូមិអន្លងត្នោត ឃុំជីក្រែង ស្រុកជីក្រែង ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ និងបានស្លាប់ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។
មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៦៤៧៩នាក់ បានព្យាបាលជាសះស្បើយចំនួន៥០១៣នាក់ ស្លាប់៧៥នាក់ និង១៣៩១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប, មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត, វិទ្យាល័យអង្គរ, វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ, វិទ្យាល័យក្រឡាញ់, វិទ្យាល័យចំណោះដឹងទូទៅ និងបច្ចេកទេសពួក និងវិទ្យាល័យដំដែក។
ជាមួយគ្នានោះដែរ រដ្ឋបាលខេត្តសៀមរាប ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ ត្រូវរួសរាន់ធ្វើចត្តាឡីស័ក នៅតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ ក្នុងនោះត្រូវអនុវត្តជាប្រចាំនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន៕
ប្រភព៖ រដ្ឋបាលខេត្តសៀមរាប