ស្រូវប្រាំងប្រមាណចំនួន២០ហិចតា ក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប បានក្រៀមស្វិត ងាប់បណ្តើរៗ និងប្រមាណ២០ហិកតាកំពុងប្រឈមនឹងបញ្ហាដូចគ្នាដែរ នេះបើតាមការឲ្យដឹងពីលោក ភូង សាវ័ន្ដ មេភូមិស្រង៉ែ សង្កាត់ស្រង៉ែ។
លោក ភូង សាវ័ន្ត បានបញ្ជាក់ថា ភូមិស្រង៉ែ ជារៀងរាល់ឆ្នាំស្រូវប្រាំងទាំងនេះ បានប្រភពទឹក ពីបារាយណ៍ទឹកថ្លា ប៉ុន្ដែនៅឆ្នាំនេះ ទឹកបារាយណ៍មានការខ្វះខាតទើបធ្វើអោយស្រូវប្រាំងប្រជាពលរដ្ឋនៅភូមិនេះប្រមាណ៤០គ្រួសារប្រឈមនឹងខូចខាត។ លោកថា មិនត្រឹមតែស្រូវរបស់កសិកក្នុងភូមិរបស់លោកទេ ដែលកំពុងរងគ្រោះអត់ទឹកស្រោចស្រពនេះ ស្រូវស្រែប្រាំងជាច្រើនហិកតារបស់អ្នកភូមិជាប់គ្នាផ្សេងទៀត ក៏កំពុងប្រឈមនឹងខូចខាតដែរ បើគ្មានទឹកជួយសង្គ្រោះទាន់ពេលវេលានោះទេ ខណៈដែលស្រូវជិតទទួលបានផលហើយនោះ។
លោកលោកមេភូមិស្រង៉ែ បានបង្ហាញថា ប្រជាពលរដ្ឋមានការព្រួយបារម្ភពីការខ្វះខាតស្បៀងនៅឆ្នាំក្រោយ បើសិនស្រូវប្រាំងនៅឆ្នាំនេះ មិនអាចទទួលផលដូចការគ្រោងទុកទេនោះ។
លោក ញូ ថុង ចៅសង្កាត់ស្រង៉ែ ក្រុងសៀមរាប បានឲ្យដឹងថា ចាប់ពីថ្ងៃទី៣១ខែមករា រហូតមកដល់ថ្ងៃនេះ មន្ទីរធនធានទឹក មន្ទីរកសិកម្ម រួមនិងអាជ្ញាធរមូលដ្ឋាន បានជួយសង្គ្រោះស្រូវប្រាំងប្រជាពលរដ្ឋក្នុងសង្កាត់ស្រងែនេះ បានជាង១០០ហិកតា ដែលស្មើនឹងជិត៩០ភាគរយហើយ ចំណែកចំនួនដែលនៅសេសសល់ អាជ្ញាធរកំពុងជួយសង្គ្រោះបន្ដបន្ទាប់។
លោកចៅសង្កាត់បានបន្ដថា ប៉ុន្ដែស្រូវដែលពលរដ្ឋទើបចាប់ដើមសាបព្រួសនៅលើដីថ្មី មិនអាចជួយសង្គ្រោះបាននោះទេ ដោយសារវានៅឆ្ងាយពីប្រភពទឹក ខណៈដែលគ្មានប្រព័ន្ធធារាស្ដ្រសម្រាប់បម្រើឲ្យស្រូវប្រាំងនៅវាលក្រោមនៃបឹងទន្លេសាប។
បើតាមប្រភពពីប្រជាពលរដ្ឋក្នុងសង្កាត់នេះបានឲ្យដឹងថា ស្រូវប្រាំងនៅឆ្នាំនេះ បាននិងកំពុងខូចខាតទៅហើយ ដោយមិនសង្ឃឹមកែវិញបានឡើយ ។ ដូច្នេះពួកគាត់ ស្នើរសុំដល់រាជរដ្ឋាភិបាល ជួយធ្វើប្រឡាយទឹកចូលតំបន់ស្រូវប្រាំងរបស់ពួកគាត់បន្ថែម ខណៈស្រែប្រាំងមួយចំនួនក្នុងសង្កាត់នេះពុំមានប្រព័ន្ធធារាសាស្ត្រ ដែលអាចបញ្ជូនទឹកបានឡើយនៅរដូវប្រាំង។
អត្ថបទ និង រូបថត ៖ លោក ជា ស្រស់ និងលោក ខេង ឧត្តម
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី