រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកលោក Lloyd Austin បាននិយាយនៅថ្ងៃចន្ទ ទី១៨ ខែតុលានេះថា ទីក្រុងវ៉ាស៊ីនតោនកំពុងឃ្លាំមើលយ៉ាងដិតដល់ ពីការអភិវឌ្ឍប្រព័ន្ធសព្វាវុធទំនើបរបស់ចិន ខណៈដែលបដិសេធមិនធ្វើអត្ថាធិប្បាយដោយផ្ទាល់លើរបាយការណ៍មួយ ដែលថាទីក្រុងប៉េកាំង បានតេស្តសាកល្បងមីស៊ីលល្បឿនលឿនជាងសំលេង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ជុំវិញបញ្ហានេះ ក្រសួងការបរទេសចិនបានចេញមុខច្រានចោលរបាយការណ៍របស់សារព័ត៌មាន Financial Times ដែលថា ប្រទេសចិនបានធ្វើតេស្តបាញ់ មីស៉ីលលឿនលឿនជាងសំឡេង ដែលមានសមត្ថភាពបំពាក់អាវុធនុយក្លេអ៊ែរ កាលពីខែសីហា ឆ្នាំ២០២១នេះ។
លោក Austin បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់អតីតសាធារណរដ្ឋសូវៀតហ្សកហ្ស៊ីថា «យើងឃ្លាំមើលយ៉ាងដិតដល់អំពីការអភិវឌ្ឍសព្វាវុធ និងប្រព័ន្ធជឿនលឿនរបស់ចិនដែលនឹងបង្កើនភាពតានតឹងនៅក្នុងតំបន់»។
គួរបញ្ជាក់ថា គួរបញ្ជាក់ថា កាលពីសប្តាហ៍កន្លងទៅនេះ សារព័ត៌មាន Financial Times ដែលយោងតាមប្រភពមិនបញ្ចេញឈ្មោះចំនួន៥ បានចេញផ្សាយរបាយការណ៍មួយថា ប្រទេសចិនបានសាកល្បងមីស៉ីលល្បឿនលឿនជាងសំឡេង (hypersonic missile) ដែលមានសមត្ថភាពបំពាក់នុយក្លេអ៊ែរ កាលពីខែសីហាកន្លងទៅ៕