ប្រធានបទសម្រាប់ ទិវាជាតិសុខភាពមាតា ទារក និងកុមារ ( ២១កុម្ភៈ ) ក្នុងឆ្នាំនេះ បានទាញយកនូវការយកចិត្តទុកដាក់ ពង្រឹងការផ្តល់សេវាសុខភាពបន្តពូជ សុខភាពមាតា និងសុខភាពកុមារផងដែរ ដោយភ្ជាប់ជាមួយគោលដៅឆ្ពោះទៅរក ផ្តល់ការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ជូនដល់ស្រ្តីមានផ្ទៃពោះ មាតាកំពុងបំបៅកូនដោយទឹកដោះម្តាយ ផងដែរ។
ក្រោមវត្តមានរបស់លោកជំទាវ សុខ ណារ៉ូ ពៅហេង អនុប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាសាខា ខេត្តសៀមរាប នៅ ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានជ្រើសរើសយកស្រុកស្វាយលើ ដែលជាមូលដ្ឋានសហគមន៍ជនបទ ប្រារព្ធទិវាដ៏មានសារសំខាន់នេះ ដើម្បីមូលដ្ឋានសហគមន៍ជនបទមួយនេះ បានទទួលយកនូវការអប់រំផ្សព្វផ្សាយ ស្តីអំពីការថែទាំសុខភាពមាតា និងទារកមុននឹងក្រោយសម្រាល ដោយឡែកការចាក់វ៉ាក់សាំងបង្ការជូនកុមារ គឺជាករណីកិច្ចដ៏សំខាន់របស់មាតាបិតារបស់កូនតូចទាំងនោះ។ មានការពន្យល់ជាច្រើន ចេញពីសារលិខិត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី-ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ សម្រាប់ទិវាដ៏ពិសេសមួយនេះផងដែរ។ នៅក្នុងពិធីនោះ សារលិខិតដ៏មានតម្លៃនេះ ត្រូវបានលោកជំទាវ សុខ ណារ៉ូ អានជូនមាតានៃទារក ប្រមាណជា ៦០នាក់ ដែលបានចូលរួមផ្ទាល់នៅក្នុងពិធីនោះ។
លោកជំទាវបន្តថា តាមរយៈសារលិខិត ក៏បានបង្ហាញឲ្យដឹងថា កន្លងមកបើទោះជាស្ថិតក្នុងវិបត្តិកូវីដ-១៩ ធ្ងន់ធ្ងរយ៉ាងណាក្តី ក៏រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ នៃសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានខិតខំជំនះគ្រប់ឧបស័គ្គ ដណ្តើមបាននូវសិទ្ធិរស់រានមានជីវិតរបស់មនុស្ស ដ៏សំខាន់បំផុត មកជូនប្រជាជាតិ តាមរយៈនៃការស្វែងរក និងការចាក់ស្រោចវ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋទូទាំងប្រទេស។
បើតាមលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប លើកបង្ហាញដែរថា នៅក្នុងវិស័យសុខភាពមាតា ទារក និងកុមារ យ៉ាងណាក៏ដោយក៏កំពុងទទួលផលប៉ះពាល់ ព្រោះថា អត្រាបុរស-ស្រ្តីក្នុងវ័យបន្តពូជ ស្រ្តីមានផ្ទៃពោះ ដែលចាំបាច់ត្រូវទៅទទួលសេវាពិនិត្យ-ថែទាំផ្ទៃពោះ និងការថែទាំក្រោយពេលសម្រាលនោះ មានការធ្លាក់ចុះ។ នៅក្នុងស្ថានភាពបែបនេះ អ្វីដែលល្អ គឺការលើកទឹកចិត្តដល់ស្រ្តីទាំងនោះ ឲ្យទៅទទួលការពិនិត្យថែទាំ ដែលមិនត្រឹមតែចាប់ពីពេលពរពោះ រហូតដល់សម្រាល តែក្រោយសម្រាល ប្រហែលជាត្រូវបន្តផ្តល់ការថែទាំទាំងម្តាយនិងកូន រហូតដល់ទារកមានអាយុ ២ឆ្នាំ។ ជាមួយទស្សនៈនេះ ស្របនឹងបរិបទបច្ចុប្បន្ន ដែលតម្រូវឲ្យប្រជាពលរដ្ឋគ្រប់រូប ត្រូវរស់តាមគម្លងប្រក្រតីភាពថ្មី ក្នុងបរិបទកូវីដ១៩ សូមស្រ្តីមានផ្ទៃពោះ មិនអាចធ្វេសប្រហែសបានទេ ការពិនិត្យផ្ទៃពោះ ការពិគ្រោះជាមួយពេទ្យឆ្មប និងសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យសម្ភព ហើយអ្វីដែលចាំបាច់ទៀតនោះ គឺការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ។
អត្ថបទ និង រូបភាព៖ លោក ងឹន គីមឡេង
កែសម្រួល៖ លោក អ៊ុន ណារាជ្យ