ក្នុង​រយៈពេល​ដើមឆ្នាំ​២០១៩សប្បុរសជន​ជាតិ​ស្វីសចំណាយ​ថ​វិក​ជាង​២១​ម៉ឺន​ដុល្លារកសាង​សមិទ្ឋផល​ជាច្រើន​ក្នុង​ខេត្ត​សៀមរាប

42
ចំនួនអ្នកមើល

ដោយសារ​កំណើន​នៃ​ការ​មក​ទទួល​សេវា​ព្យាបាល​ជំងឺ​នៅ​មណ្ឌល​សុខភាព​ចេះតែ​កើនឡើង​ជា​រៀងរាល់ឆ្នាំ ហើយ​ឃុំ​តា​សោម ស្រុក​អង្គ​ជុំ​ខេត្តសៀមរាប​នៅ​មិនទាន់មាន​មណ្ឌល​សុខភាព ប្រជាពលរដ្ឋ​ក្នុង​ឃុំ​នេះ​កន្លងមក បាន​ទៅ​ទទួល​សេវា​សុខភាព​នៅ​មណ្ឌល​សុខភាព​អង្គរជុំ​មាន​ចម្ងាយ​ឆ្ងាយ ដែល​ធ្វើឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ ចាស់ជរា ជនពិការ ពិបាក​ក្នុង​ការ​ទៅ​ទទួល​សេវា ពិគ្រោះ ព្យាបាល​ជំងឺ និង​ដោយ​មាន​ការស្នើសុំ​របស់​អាជ្ញាធរ​មូលដ្ឋាន ទើប​មាន​ការសាងសង់​អគារ​មណ្ឌល​សុខភាព ក្លោងទ្វារ របង​និង​បន្ទប់ទឹក ចំណាយ​ថវិកា​សរុប​ចំនួន​៥​ម៉ឺន​៥​ពាន់​ដុល្លារ​អាមេរិក​ដែល​ជា​អំណោយ​របស់ លោក សាលា អង់​រីកូ និង​សប្បុរសជន​ជនជាតិ​ស្វីស ដែល​អគារ​និង​សមិទ្ឋផល​ទាំងនេះ ចាប់​កសាង​ពី​ខែ​សីហា​ឆ្នាំ​២០១៨ និង​រួចរាល់​ដាក់​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​១៤​ខែ​មីនា​ឆ្នាំ​២០១៩​។ នេះ​បើ​តាម​របាយការណ៍​របស់លោក លុក ផុស អភិបាលស្រុក​អង្គរជុំ​។

លោក សាលា​អង់​រីកូ តំណាង​សប្បុរសជន​ជាតិ​ស្វីស បាន​សម្ដែង​នូវ​ក្ដី​រីករាយ ចំពោះ​សមិទ្ធិផល​ថ្មី ដែលជា​អំណោយ​របស់​លោក និង​សប្បុរសជន​ជនជាតិ​ស្វីស ដែល​បាន​កសាង​រួចរាល់ និង​សម្ពោធ​ដាក់អោយ​ប្រើប្រាស់ សំរាប់​ជា​ប្រយោជន៍​សាធារណៈ​ជួយ​កាត់បន្ថយ​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ ដើម្បី​ធ្វើឲ្យ​ការផ្ដល់​សេវា​សុខភាព​នៅ​កៀក​ជិត​ពួកគាត់ មួយវិញទៀត វា​បាន​ជួយ​សម្រួល​ការលំបាករ​បស់​ប្រជាពលរដ្ឋ​ពាក់ព័ន្ឋ​ទៅ​នឹង​សុខភ​ពា​ផ្ទាល់ខ្លួន និង​ក្រុមគ្រួសារ​។​

​លោក សាលា​អង់​រីកូ បានបង្ហាញ​របាយការណ៍​ថា​៖ នៅ​ដើមឆ្នាំ​២០១៩ នេះ​សប្បុរសជន​ជនជាតិ​ស្វីស បាន​ចូល​រួមវិភាគទាន​ថវិកា​ជួយ​ស្ថាបនា​បាន​សមិទ្ឋផល​ជាច្រើន​ក្នុង​ខេត្ត​សៀមរាប ដូចជា កសាង​អគារសិក្សា​មួយ​ខ្នង​មាន​៥​បន្ទប់​នៅ​វិទ្យាល័យ​ហ៊ុន សែន​សៀមរាប ក្នុង​សង្កាត់​គោ​ចក​ក្រុង​សៀមរាប កសាង​អគារ​រោង​ជាង និង​បណ្ណាល័យ​នៅ​វិទ្យាល័យ​ស្រុក​ពួក​សាងសង់​អគារ​សម្ភព ១​ខ្នង​នៅ​មណ្ឌល​សុខភាព​អង្គរ​ធំ សង់​អគារ​សម្ភព​១​ខ្នង​នៅ​មណ្ឌល​សុខភាព​រំចេក​ស្រុក​បន្ទាយស្រី និង​សង់​មណ្ឌល​សុខភាព​តា​សោម​ក្នុងស្រុក​អង្គរជុំ សរុប​ថវិកា​ចំនួន​២១០.៣២០​ដុល្លារ​អាមេរិក​។​

ព័ត៌មានជាតិ ថ្មីៗ

លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប មានប្រសាសន៍​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ សមាគម​ជនរួមជាតិ​ស្វីស ពិសេស​លោក អង់​រីកូ សាលា និង​សហការី​ទាំងអស់ ដែល​បាន​ផ្តល់​នូវ​ជំនួយ មនុស្សធម៌​ដ៏​ថ្លែថ្លា​នេះ សម្រាប់​ប្រជាជន​កម្ពុជា ហើយក៏​ជា​ការចូលរួម​ចំណែក​មួ​យ​ក្នុងការ​លើកកម្ពស់​វិស័យ សុខាភិបាល​ក្នុង​ខេត្ត​សៀមរាប​ផងដែរ​។​លោក ពិន​ប្រាកដ​មានប្រសាសន៍​ចាត់ទុក​មណ្ឌល​សុខភាព​តា​សោម​នេះ ថា​គឺជា​សមិទ្ធផល ថ្មី​មួយ​ថែម​ទៀត ដែល​ស្ថិតនៅ​ជិត​បំផុត​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​យើង​។ ក្នុង​នាម​ថ្នាក់ដឹកនាំ​ខេត្ត លោក ពិន ប្រាកដ បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ អាជ្ញាធរ​ភូមិ ឃុំ និង​មន្ត្រី​សុខាភិបាល​ដែល​នៅទីនេះ មេត្តា​ចូល រួម​ថែ​ក​រក្សា​អាគារ​មណ្ឌល​សុខភាព​នេះ​ឱ្យបាន​គង់វង្ស​យូរអង្វែង​តទៅ ព្រោះ​វា​ជា​ទ្រព្យសម្បត្តិ​រួម​របស់​យើង ទាំងអស់គ្នា ។​

​ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ បាន​មាន​ប្រសា​ស​ន៏​ថា​កាលពី​ឆ្នាំ​២០១៥​លោក​អង់​រីកូ​សាលា​បាន កសាង​អគារសិក្សា​១​ខ្នង​៤​បន្ទប់​នៅ​សាលាបឋមសិក្សា​ថ្នល់​ចែក​ក្នុង​ឃុំ​កៀន​សង្កែ​ស្រុក​សូទ្រនិគម​នេះ​និង​បាន​ធ្វើ​ពិធី​សម្ភោ​ធ​ឲ្យប្រើ​ប្រា​ស់រួច​ម្តង​ហើយ​។​ដោយ​សិស្ស​មាន​ចំនួន​កើនឡើង​លោកគ្រូ​អ្នកគ្រូ​និង មាតា បិតា​សិស្ស​បាន​ធ្វើ​សំណើរ​សុំ​អគារ​១​ខ្នង​ទៀត​លោក​សាលា​អង់​រីកូ​ក៏បាន​សម្រេច​ផ្តល់​អគារសិក្សា​១​ខ្នង ទៀត​នៅ​ទីនេះ​និង​បាន​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​ជា​លើក​ទី​២​នា​ថ្ងៃនេះ ។ ឯកឧត្តម បានអោយដឹង​ទៀត​ថា​ឯកឧត្តម​ផ្ទាល់​និង​លោក​សាលា​អង់​រីកូ បាន​មាន​ទំនាក់ទំនង​រាប់អាន​គ្នា តាំងពី​ឆ្នាំ​២០០១​មក​។ ក្នុងនោះ​ឯកឧត្តម​បាន​ជំរាប​លោក​អង់​រីកូ​សាលា​ពី​ការលំបាកខ្វៈ​ខាត​របស់​ប្រជាជន​កម្ពុជា​ដោយ​មូលហេតុ​ប្រទេសជាតិ​មាន​សង្គ្រាម អូសបន្លាយ​ពី​ឆ្នាំ​១៩៧០​មក​ទើប​តែ​ក្នុង​ឆ្នាំ​១៩៩៨​ទេ​ដែល​កម្ពុជា​មាន​សន្តិភាព​អាស្រ័យ​ដោយ មានការ ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេជោ ហ៊ុន សែន ជាមួយ​និង​គោលនយោបាយ​ឈ្នះៗ​ទើប​កម្ពុជា​ទទួលបាន សុខ​សន្តិភាព​ពេញលេញ​។​

​ឯ​.​ឧ រំលេច​នូវ​របាយការណ៍ អស់​រយៈពេល​២៦​ឆ្នាំ​ពី​ឆ្នាំ​១៩៩៤​ដល់​ឆ្នាំ​២០១៩ ដែល​សប្បុរសជន​ជប៉ុន​ផ្តល់​តាមរយៈ លោក អង់​រីកូ ជាក់ស្តែង​សមិទ្ធផល​ដែល​បាន​កសាង​រួមមាន​៖-​អណ្តូងទឹក​ស្នប់​ចំនួន​៩៤១​អណ្តូង ,​អង្ករ​១០០​តោន សង់ផ្ទះ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​ខ្នង -​ផ្តល់​សំលៀកបំពាក់​ចំនួន​៩៤៥០​កំប្លេរ ស្ថាបនា​សាលារៀន បាន​៤៣​ខ្នង និង​ជួសជុល​៥​ខ្នង ធ្វើ​បង្គន់​អនាម័យ​ចំនួន​៨ ស្ថាបនា​បណ្ណាល័យ អគារ​មត្តេយ្យសិក្សា រោង​ជាង សរុប​១៣​ខ្នង ស្ថាបនា​មណ្ឌល​សុខភាព​១៦​មណ្ឌល ស្ថាបនា​មន្ទីរពេទ្យបង្អែក​អង្គរ​ជុំ​៨​អគារ​,​ស្ថាបនា​អគារ​ពេទ្យ​ចំនួន​១៣​អគារ ជួសជុល​អគារ​ពេទ្យ​និង​មណ្ឌល​សុខ​ភាព​ផ្សេងៗ ធ្វើ​ផ្លូវ​ថ្នល់ ស្ពាន ប្រព័ន្ឋ​ទឹក​ស្អាត ផ្ទះបាយ ឡ​ដុត​សំរាម អាងទឹក សរុប​ទឹកប្រាក់​ចំណាយ​ទាំងអស់​ចំនួន​៣.៦៩១.៦៨២​ដុល្លារ​
​។​
​នា​ឱកាស​នោះ​ផងដែរ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ធំធេង​ចំពោះ​លោក​សាលា​អង់​រីកូ​និង​បាន​ផ្តាំផ្ញើរ​ជំពោះ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ជួយ​ថែរក្សា​សមិទ្ធិផល​ទាំងអស់​អោយបាន​ល្អ​គង់​វង្ស​យូរអង្វែង​៕

​អត្ថបទ និង​រូបភាព​៖ លោក យូ វង្ស​