ក្រុមប្រតិបត្ដិករទេសចរណ៍នៅខាងមុខប្រាសាទអង្គរវត្ដ បានអំពាវនាវដល់អ្នកទេសចរជាតិ និងអន្ដរជាតិ សូមមកចូលរួមឲ្យបានច្រើនក្នុងព្រឹត្ដិការណ៍ “រំលឹកគុណអង្គរ” ដែលនឹងប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ នៅខាងមុខប្រាសាទអង្គរវត្ដ ចាប់ពីថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ ដើម្បីជាការលើកស្ទួយជីវភាពសេដ្ឋកិច្ចប្រជាពលរដ្ឋនៅមូលដ្ឋាន។
លោក សាត មាស ប្រតិបត្ដិករទេសចរណ៍នៅខាងមុខប្រាសាទអង្គរ បានបង្ហាញថា ព្រឹត្ដិការណ៍”រំលឹកគុណអង្គរ” គឺពីជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលជាការបង្ហាញពីវប្បធម៌ អរិយធម៌របស់ខ្មែរ ដែលបានបន្សល់ទុកដល់កូនខ្មែរជំនាន់ក្រោយ ក៏ដូចជាការតាំងពិព័ណ៌បង្ហាញសមិទ្ធផលការងាររយៈពេល៣០ឆ្នាំកន្លងមក របស់អាជ្ញាធរជាតិអប្សរា រួមទាំងស្នាដៃសិល្បៈខ្មែរជាច្រើន ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃអង្គការយូណេស្កូ។ ដូចនេះកូនខ្មែរគ្រប់រូបគួរចូលរួមទស្សនាឱ្យបានច្រើន។ សម្រាប់ពិធីនេះដែរ ជាការទាក់ទាញអ្នកទេសចរអន្ដរជាតិ មកកំសាន្ដនៅលើទឹកដីដ៏អច្ឆរិយៈមួយនេះ។
ប្រតិបត្ដិករទេសចរណ៍នៅខាងមុខប្រាសាទអង្គរ ដូចគ្នាដែរនោះ លោក ដួង វិសិទ្ធ ក៏បានបង្ហាញការគាំទ្រនូវការរៀបចំព្រឹត្ដិការណ៍ “រំលឹកគុណអង្គរ” នេះឡើង ព្រោះវាជាការបង្ហាញនូវសមិទ្ធិផលថ្មីៗបន្ថែមទៀតដល់សាធារណជន រួមទាំងអ្នកទេសចរអន្ដរជាតិ ឱ្យកាន់តែចាប់អារ្មណ៏ពីរមណីយដ្ឋានអង្គរកាន់តែខ្លាំង។ លោកបន្ថែមថា ព្រឹត្ដិការណ៍នេះកាលពីឆ្នាំទៅមានអ្នកទេសចរជាតិ និងអន្ដរជាតិជាច្រើនបានចូលរួមទស្សនា ព្រោះរាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរជាតិអប្សរា បានប្រារព្ធឡើងដើម្បីអបសាទរការចុះរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក៍ដូចជារំលឹកគុណដល់បុព្វការីជន់ជំនាន់មុន ជាពិសេសអតីតព្រះមហាក្សត្រគ្រប់ជំនាន់ ដែលបានកសាងប្រាសាទបុរាណដ៏មានតម្លៃនេះឡើង។ ហើយលោករំពឹងថា ព្រឹត្ដិការណ៍លើកទី២ នេះដែរ នឹងមានអ្នកទេសចរគ្រប់ជាតិសាសន៍មកកំសាន្តមានការកើនឡើងផងដែរ។
សូមជម្រាបថា ព្រឹត្ដិការណ៍ “រំលឹកគុណអង្គរ” នឹងប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ នៅខាងមុខប្រាសាទអង្គរវត្ដ ចាប់ពីថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០២២ខាងមុខ។ សម្រាប់ឆ្នាំ២០២២នេះ ជាឆ្នាំទី២ហើយ ដែលអាជ្ញាធរជាតិអប្សរា បានរៀបចំព្រឹតិ្តការណ៍នេះឡើង ក្នុងគោលបំណងរំលឹកនឹកគុណដល់អង្គព្រះមហាក្សត្រគ្រប់ព្រះអង្គ និងបុព្វការីជនដែលលោកបានកសាង និងថែរក្សាប្រាសាទទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរ ដោយបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ជាតិមាតុភូមិតាំងពីដើមរហូតដល់សព្វថ្ងៃ៕
អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ