អាជ្ញាធរជាតិអប្សរា បានដាក់ឱ្យដំណើរការខ្សែទស្សនាថ្មីនៅប្រាសាទចៅសាយទេវតា និងប្រាសាទធម្មនន្ទ ដើម្បីសម្រួលដល់ការដើរទស្សនារបស់ភ្ញៀវទេសចរកាន់តែងាយស្រួល និងគ្រប់ជ្រុងជ្រោយ។
លោក ខឿន កុសល់ ប្រធានភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទចៅសាយទេវតា ធម្មនន្ទ និងខ្លោងទ្វារជ័យ លើកឡើងថា ខ្សែទស្សនាថ្មីនេះអាជ្ញាធរជាតិអប្សរាបានរៀបចំជាពីរខ្សែ ដោយសារខ្សែទី១ គឺមានចម្ងាយខ្លី ដែលភ្ញៀវអាចឈប់យានជំនិះនៅផ្នែកខាងជើង និងដើរចូលតាមច្រកខាងកើត ប្រាសាទចៅសាយទេវតា ហើយចេញតាមច្រកខាងជើងដដែល។ ចំណែកខ្សែទី២ ជាខ្សែទស្សនាវែង ដែលភ្ញៀវចាប់ផ្តើមចូលទស្សនានៅប្រាសាទធម្មនន្ទ ដើរចូលតាមសួនបណ្ដុះកូនឈើប្រាសាទតាកែវ និងចូលតាមច្រកខាងកើតប្រាសាទចៅសាយទេវតា។
តាមការបញ្ជាក់ពីភ្នាក់ងារទេសចរណ៍ ការរៀបចំនេះគឺដើម្បីសម្រួលដល់ការទស្សនារបស់ភ្ញៀវទេសចរ ឱ្យកាន់តែងាយស្រួល ពិសេសធ្វើឱ្យការទស្សនាមានភាពលម្អិត និងគ្រប់ជ្រុងជ្រោយ ខណៈដែលកន្លងមក ភ្ញៀវចូលទស្សនារបៀបសេរី មិនមានគោលដៅចាប់ផ្តើម និងបញ្ចប់ត្រឹមត្រូវនោះទេ។ បច្ចុប្បន្នវង់ទស្សនានេះបានដាក់ឱ្យដំណើរការហើយ ចំណែកភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទនេះ កំពុងរៀបចំ និងកែលម្អ ចាក់ដីបំពេញជង្ហុគខ្លះ ដើម្បីឱ្យការដើររបស់ភ្ញៀវមានភាពងាយស្រួល។
ប្រាសាទចៅសាយទេវតា កសាងឡើងនៅចុងសតវត្សទី១១ ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២។ ដ្បិតជាប្រាសាទតូច តែចៅសាយទេវតាមានក្បួនក្បាច់ចម្លាក់ជាច្រើនមិនចាញ់ប្រាសាទធំប៉ុន្មានទេ និងមានស្ពានហាលដ៏ទាក់ទាញនៅច្រកចូលខាងកើត ដែលទេសចរអាចផ្ដិតរូបភាពនៅទីនោះបាន៕
អត្ថបទ និងរូបភាព: លោក បូ សាវី