បើតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ចុះថ្ងៃទី៧ ឧសភា នេះបានឲ្យដឹងថា ចាប់ពីពេលនេះតទៅ នៅតាមមន្ទីរពេទ្យសាធារណៈទាំងអស់ នឹងត្រូវរៀបចំឱ្យមានបន្ទប់សម្រាប់ប្រណិបត្តិសាសនាឥស្លាម ឬបន្ទប់សម្រាប់ថ្វាយបង្គំ ដល់សាសនិកឥស្លាមកម្ពុជា ក្នុងខ្លឹមសារលិខិតរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ការរៀបចំឱ្យមានបន្ទប់សម្រាប់ប្រណិបត្តិសាសនាឥស្លាមនៅតាមមន្ទីរពេទ្យសាធារណៈនេះ គឺអនុវត្តន៍តាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការធ្វើសុខុដុមនីយកម្មសាសនា និងដើម្បីសម្រួលដល់ការប្រណិបត្តិសាសនារបស់បងប្អូនសាសនិកឥស្លាម និងគ្រូពេទ្យ និស្សិតមូស្លីមដែលមកទទួលសេវាថែទាំព្យាបាល និងបំពេញការងារនៅមន្ទីរពេទ្យ។
ឯកឧត្តម ម៉ម ប៊ុនហេង បានបញ្ជាក់ថា សូមឲ្យអគ្គនាយក ប្រធានមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យបង្អែកទាំងអស់ត្រូវចាត់ចែង រៀបចំឱ្យមានបន្ទប់សម្រាប់ប្រណិបត្តិសាសនាឥស្លាមនេះឱ្យបានសមរម្យ។
ក្នុងឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសពីគោលការណ៍ថ្មីនេះដែរ និងថាចំណុចនេះនឹងឈានដល់ការពង្រីកតាមសាលារៀនទៀតផង ដែលនឹងផ្តល់ឱកាសឱ្យសិស្សានុសិស្ស និស្សិត មានកន្លែងថ្វាយបង្គំសមរម្យ ដើម្បីបំពេញកាតព្វកិច្ចសាសនារបស់ខ្លួន ហើយសម្ដេចតេជោបានលើកឡើងបែបនេះ ក្នុងពិធីពិសារអហារស្រាយបួស កាលល្ងាចថ្ងៃទី៧ ឧសភា នៅកោះពេជ្រដែលមានសាសនិកឥស្លាមចូលរួមប្រមាណជិត៥ពាន់នាក់។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា នេះជាជំហានថ្មីមួយទៀតដែលកម្ពុជាបាននិងកំពុងធ្វើ ដើម្បីភាពសុខុដុមនីយកម្មសាសនានៅកម្ពុជា ដែលបណ្តាប្រទេសមួយចំនួនមិនទាន់អនុវត្តន៍នៅឡើយ៕
អត្ថបទ ៖ ម៉ាត់ អារ៉ាហ្វីន
រូបភាព៖facebook(samdech hun sen, cambodian prime minister)