សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី នឹងរៀបចំពិធីតាំងពិព័រណ៍មិនអចិន្រ្តៃយ៍រយៈពេល ៦ខែ ដើម្បីឲ្យសាធារណជន និងភ្ញៀវទេសចរបានចូលទស្សនា និងសិក្សាស្វែងយល់ពីហូលផាមួងខ្មែរចាស់ៗ ដែលជាស្នាដៃរបស់អ្នកស្រុកព្រៃកប្បាស ខេត្តតាកែវ។
លោក សែន គឹមស៊ុន នាយករងស្ដីទីនៃសារមន្ទីរវាយណភណ្ឌប្រពៃណីអាស៊ី បានឲ្យដឹងថា ពិព័រណ៍ខាងលើនេះ នឹងមានសមុច្ច័យជាហូល ផាមួង អាវប៉ាក់ សរុបចំនួន២១ សម្រាប់តាំងបង្ហាញ។ ហើយពិព័រណ៍នេះមានរយៈពេល ៦ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះតទៅ។ សមុច្ច័យខាងលើ គឺសារមន្ទីរបានមកពីការបរិច្ចាគរបស់ពលរដ្ឋស្រុកព្រៃកប្បាស ខេត្តតាកែវ សរុបមានចំនួន៥១ ដែលក្នុងនោះមានសំពត់ផាមួង អាវ និងក្រណាត់ហូលជាដើម។
លោក សែន គឹមស៊ុន បានឲ្យដឹងទៀតថា សមុច្ច័យទាំង៥១ ក្រុមការងារសារមន្ទីរបានទៅទទួលនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ បន្ទាប់មកមានការចុះបញ្ជីរៀបចំអភិរក្ស សម្អាត និងជួសជុល មុននឹងរៀបចំឲ្យមានពិព័រណ៍បង្ហាញ ដល់សាធារណជនបានទស្សនា។ ក្រណាត់ហូលផាមួងខ្លះមានអាយុកាលចន្លោះពី៤០ ទៅ៦០ឆ្នាំ ដែលពលរដ្ឋបានថែទាំយ៉ាងយកចិត្តទុកដាក់ មុននិងក្នុងសម័យខ្មែរក្រហម។
លោក សែន គឺមស៊ុន បន្តថា សម្រាប់ដំណាក់កាលទី១ នៃការដាក់តាំងបង្ហាញនេះ សារមន្ទីរបានរើសសមុច្ច័យចំនួន២១ ក្នុងចំណោម៥១ ហើយនឹងមានការបង្ហាញនៅដំណាក់កាលក្រោយៗទៀត។ ក្នុងនោះលោកក៏សូមអំពាវនាវឲ្យសាធារណចូលទស្សនាក្នុងពិព័រណ៍ដ៏មានសារសំខាន់នេះ ដែលជាផ្នែកមួយក្នុងការឲ្យតម្លៃ និងសិក្សាស្វែងយល់ពីស្នាដៃសិល្បៈនៃហូល ផាមួងរបស់អ្នកស្រុកព្រៃកប្បាស ខេត្តតាកែវ៕
អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ