ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២៤នេះ តទៅ រដ្ឋបាលខេត្តសៀមរាប បានចាប់ផ្តើមដំណើរការផ្តល់សេវារថយន្តក្រុងដឹកអ្នកដំណើរទៅមកដោយឥតគិតថ្លៃ រវាងក្រុងសៀមរាប និងក្រុងរុនតាឯកតេជោសែន ដែលមានរថយន្តក្រុងចំនួន១០គ្រឿង ក្នុងការដឹកជញ្ជូនប្រចាំថ្ងៃ និងត្រៀមបម្រុងចំនួន៥គ្រឿងបន្ថែមទៀត។
លោក អ៊ឹង សោភ័ណ នាយករងរដ្ឋបាល នៃសាលាខេត្តខេត្តសៀមរាប បានឲ្យដឹងថា ការដាក់ដំណើរការសេវារថយន្តក្រុងដឹកអ្នកដំណើរទៅមករវាងក្រុងសៀមរាប និងក្រុងរុនតាឯកតេជោសែននេះ គឺបន្ទាប់ពីមានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលអាណត្តិទី៦ ដែលដឹកនាំដោយសម្តេចតេជោហ៊ុន សែន និងបន្តដោយរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលសម្តេចធិបតីបានសម្រេចផ្តល់រថយន្តក្រុងចំនួន១០គ្រឿង ក្នុងការសម្រួលដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋពីក្រុងទាំងពីរនេះ ដោយឥតគិតថ្លៃ ដើម្បីជាការសម្រួលនូវទុកលំបាករបស់ពួកគាត់ដែលត្រូវធ្វើដំណើរទៅមកប្រកបរបរកិច្ចការងារប្រចាំថ្ងៃ ។
លោកបន្តថា ការផ្តល់ជូននេះ មិនត្រឹមជាការផ្តល់ជូនប្រជាពលរដ្ឋនៅក្រុងរុនតាឯកប៉ុណ្ណោះទេ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើដំណើរតាមខ្សែរត់ ដែលរដ្ឋបាលខេត្តបានកំណត់ក៏ទទួលបានការធ្វើដំណើរដោយឥតគិតថ្លៃផងដែរ ដោយរដ្ឋបាលបានរៀបចំចំណតចំនួន១១ផ្សេងទៀតនៅតាមផ្លូវនៃខ្សែរត់ ប៉ុន្តែនៅថ្ងៃចាប់ផ្តើមនេះ យើងសង្កេតឃើញថា ប្រជាពលរដ្ឋហាក់មិនទាន់មកទទួលសេវាកម្មនេះនៅឡើយ តែទោះយ៉ាងនេះក្តី នៅឯក្រុងរុនតាឯក មានប្រជាពលរដ្ឋច្រើនបានមកសាកសួរអំពីព័ត៌មាននានា ដើម្បីពួកគាត់បានរៀបចំខ្លួនក្នុងការទទួលយកសេវាកម្មនេះ។
លោក នាង សុភី រស់នៅភូមិពោធិបុស្ស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានឲ្យដឹងថា បន្ទាប់ពីទទួលបានដំណឹងអំពីការផ្តល់ជូនរថយន្តជិះទៅកាន់ក្រុងរុនតាឯកតេជោសែនរបស់រដ្ឋបាលខេត្តសៀមរាបនេះ រូបលោកមានអារម្មណ៍ចង់សាកល្បងជាមួយការធ្វើដំណើរនេះដើម្បីទៅមើលការអភិវឌ្ឍនៅរុនតាឯក ហើយលោកក៏បានសំណូមពរដល់ពលរដ្ឋដទៃទៀត គួរងាកមកប្រើសេវារថយន្តក្រុងដឹកអ្នកដំណើររបស់រដ្ឋបាលខេត្តសៀមរាបនេះ ព្រោះវាផ្តល់នូវផលចំណេញច្រើន ។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់រថយន្តក្រុង ចំនួន៥០គ្រឿង ដល់រដ្ឋបាលខេត្តសៀមរាប សម្រាប់ដឹកអ្នកដំណើរទៅមកដោយឥតគិតថ្លៃរវាងក្រុងសៀមរាប និងក្រុងរុនតាឯកតេជោសែន ហើយបន្ទាប់ទៀត រដ្ឋបាលខេត្តសៀមរាប ក៏គ្រោងនឹងពង្រីកសេវាកម្មនេះ ទៅកាន់តំបន់ពាក់ស្នែង និងក្នុងក្រុងសៀមរាបផងដែរ៕
អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក លីវ សាន្ត