នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ បានមូលមតិគ្នាដង្ហែអង្គកឋិនទាន ចូលទៅកាន់វត្តប្រាសាទត្រាំនាគ ស្ថិតក្នុងសង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីចូលរួមជួយទ្រទ្រង់ដល់វិស័យព្រះពុទ្ធសាសនា និងទំនុកបម្រុងដល់ព្រះភិក្ខុសង្ឃដែលគង់ចាំវស្សាអស់រយៈពេលបីខែកន្លងមក រីឯបច្ច័យក្នុងអង្គកឋិននេះ គឺទុកសម្រាប់បន្តការងារព្រះវិហារ។
ព្រះមុន្នីរក្ខិតសិរី ស រ៉ា ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះគ្រូចៅអធិការវត្តប្រាសាទត្រាំនាគ មានថេរដីកាថា អង្គកឋិនទានឆ្នាំនេះ វត្តប្រាសាទតាំនាគ ទទួលបានបច្ច័យមួយចំនួន សម្រាប់ទុកទ្រទ្រង់ចង្ហាន់ព្រះសង្ឃ បច្ច័យមួយចំនួនធំ គឺសម្រាប់បន្តការងារសាងសង់ព្រះវិហារ ដែលចាប់ផ្ដើមសាងសង់តាំងពីឆ្នាំ២០១៦ មានបណ្តោយ ៣៦ម៉ែត្រ ទទឹង ១៥ម៉ែត្រ ដែលគិតមកទល់ពេលនេះសម្រេចការសាងសង់បានប្រមាណ ៨០ភាគរយហើយ។ ក្រៅពីនោះថវិកាខ្លះត្រូវបានបែងចែកយកទៅជួសជុលកែលម្អគរុភណ្ឌក្នុងវត្ត រួមមាន កុដិ សាលា ទីសេនាសនសង្ឃជាដើម។
ព្រះគ្រូចៅអធិការ ក៏បានថ្លែងអំណរព្រះគុណ និងអរគុណ ដល់ប្រជាពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ដែលបានចូលរួមបរិច្ចាគនូវថវិកា និងសម្ភារៈចូលរួមក្នុងអង្គកឋិនទាននាពេលនេះ ដែលវាបានបញ្ជាក់ឱ្យឃើញពីស្មារតីសាមគ្គីគ្នារបស់ប្រជាជាតិខ្មែរយើង ក្នុងការជួយទ្រទ្រង់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋយើង ឱ្យមានការរីកចម្រើនរុងរឿងជាបន្តបន្ទាប់។ ជាមួយនេះព្រះអង្គ ក៏បានអំពាវនាវដល់សប្បុរសជនជិតឆ្ងាយ សូមបន្តចូលរួមបរិច្ចាគធនធានថវិកា សម្ភារៈ ដើម្បីសមិទ្ធផលនៃព្រះវិហារថ្មីមួយនេះ ឆាប់រួចរាល់ទុកជាសម្បត្តិគរុភណ្ឌវត្តប្រើប្រាស់សម្រាប់ព្រះសង្ឃ និងជួយសម្រួលដល់ញាតិញោមមកបំពេញបុណ្យទានគ្រប់កម្មវិធីបុណ្យទានផ្សេងៗផងដែរ៕
អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ