កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រុមការងារបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំពិភាក្សា សិក្សាខ្សែផ្លូវតភ្ជាប់ពីក្រុងសៀមរាប ទៅកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងពិនិត្យប្រព័ន្ធដឹកជញ្ជូនសាធារណៈក្រុងក្នុងភូមិសាស្ត្រខេត្តសៀមរាប ដឹកនាំដោយ ឯកឧត្តម ហេង រត្នពិសិដ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋានសាធារណការ និង លោក លី សារី អភិបាលរងខេត្តសៀមរាប តំណាងឯកឧត្តមអភិបាលខេត្ត ដោយមានការចូលរួមពីប្រតិភូក្រសួង និងតំណាងមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្តជាច្រើនរូប។
ឯកឧត្តម ហេង រត្នពិសិដ្ឋ បានបញ្ជាក់ថា កិច្ចប្រជុំពិភាក្សានាពេលនេះ គឺដើម្បីពិនិត្យសិក្សាខ្សែផ្លូវតភ្ជាប់ពីក្រុងសៀមរាប ទៅកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ចាប់ពីវិថីសម្តេចវិបុលបញ្ញា សុខ អាន (ផ្លូវ៦០) ទៅដល់ផ្លូវហាយវេអាកាសយានដ្ឋាន ត្រង់ចំណុចឃុំចាន់ស ដើម្បីជាការឆ្លើយតបទៅនឹងកំណើននៃភ្ញៀវទេសចរ និងសេវាកម្មដឹកជញ្ជូននានាទៅមកពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មកកាន់ក្រុងសៀមរាប។
ក្នុងនាមរដ្ឋបាលខេត្ត លោក លី សារី បានបង្ហាញការគាំទ្រ និងត្រៀមការសហការជាមួយក្រុមការងារបច្ចេកទេស ដែលបានចុះមកសិក្សា និងប្រមូលទិន្នន័យ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនូវចំនួនភ្ញៀវទេសចរ និង សេវាកម្មដឹកជញ្ជូន ខណៈដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនជាផ្លូវការ តាំងពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣មក។
លោកក៏បានណែនាំដល់មន្ទីរអង្គភាព រដ្ឋបាលក្រុងស្រុកពាក់ព័ន្ធ ចូលរួមសហការផ្តល់ព័ត៌មាន និងទិន្នន័យឱ្យបានច្បាស់លាស់ជូនដល់ក្រុមការងារបច្ចេកទេស សំដៅជំរុញការសិក្សាឱ្យកាន់តែមានភាពច្បាស់លាស់ និងរលូន ហើយអាចបញ្ចៀសនូវរាល់ផលប៉ះពាល់ធ្ងន់ធ្ងរនៃគម្រោងសាងសង់ខ្សែផ្លូវតភ្ជាប់ពីក្រុងសៀមរាប ទៅកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មួយនេះ។
សូមបញ្ជាក់ថា ក្រៅដែលផ្លូវដែលកំពុងសិក្សាមួយខ្សែនេះ សម្រាប់ផ្លូវតភ្ជាប់ពីក្រុងសៀមរាប ទៅកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ក៏មានគម្រោង ពង្រីកផ្លូវជាតិលេខ៦ ចាប់ពីចំណុចប្រសព្វផ្លូវហាយវេចូលទៅកាន់អាកាសយានដ្ឋាន មកកាន់ក្រុងសៀមរាបវិញ ដែលមានប្រវែងជិត២០គីឡូម៉ែត្រ និងផ្លូវរថភ្លើងធុនស្រាលមួយខ្សែទៀតផងដែរ៕
អត្ថបទ និងរូបថត៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ