នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅសាលាខេត្តសៀមរាប ឯកឧត្តម លី ធុច ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំបើកកិច្ចប្រជុំត្រៀមរៀបចំ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកមួយគ្មានមីននៃអនុសញ្ញាអូតាវ៉ា នៅខេត្តសៀមរាប ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយកិច្ចប្រជុំនាពេលនេះ ក៏មានការចូលរួមពី លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប មន្រ្តីរដ្ឋបាលខេត្ត អាជ្ញាធរជាតិអប្សរា កងកម្លាំងប្រដាប់អាវុធ និងភាគីពាក់ព័ន្ធក្នុងខេត្ត។
ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុច មានប្រសាសន៍ថា កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ជាការប្រមូលផ្តុំនូវក្តីសង្ឃឹម ការប្តេជ្ញាចិត្តរួម និងកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីជំរុញឱ្យពិភពលោកមួយដែលគ្មានមីន និងគ្មានជនណាម្នាក់បន្តរងគ្រោះដោយសារមីនប្រឆាំងមនុស្ស។ ហើយគិតមកដល់ថ្ងៃនេះមានប្រទេសជាសមាជិកអនុសញ្ញាអូតាវ៉ា ប្រមាណ៧០ប្រទេសហើយ បានជូនដំណឹងអំពីការចូលរួមនៅក្នុងកិច្ចប្រជុំកំពូលនេះ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុច បានគូសបញ្ជាក់ថា ក្នុងរយៈពេល១ឆ្នាំនេះ កម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ជាមួយគ្រប់ភាគីពាក់ព័ន្ធនៃអនុសញ្ញាអូតាវ៉ា ព្រមទាំងបានដឹកនាំ និងចូលរួមក្នុងកិច្ចប្រជុំប្រមាណជា៦០លើក។ ជាលទ្ធផលសេចក្តីថ្លែងការណ៍នយោបាយសៀមរាប-អង្គរ នឹងត្រូវចុះហត្ថលេខា អនុម័តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងកម្មវិធីបើកកិច្ចប្រជុំនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយសេចក្តីព្រាងផែនការសកម្មភាពសៀមរាប-អង្គរ ២០២៥-២០២៩ នឹងត្រូវអនុម័តដាក់ឱ្យប្រើប្រាស់នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលផែនការសកម្មភាពនេះ នឹងក្លាយជាត្រីវិស័យតម្រង់ទិសសម្រាប់ការអនុវត្តវិស័យសកម្មភាពមីនដល់គ្រប់ភាគីពាក់ព័ន្ធ។
ឯកឧត្តម បានថ្លែងអំណរគុណដល់ប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ ដែលបានគាំទ្រដល់ដំណើរការភាពជាប្រធាន និងម្ចាស់ផ្ទះរបស់កម្ពុជាសម្រាប់រៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នៃអនុសញ្ញាអូតាវ៉ា។ ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា គ្រឹះស្ថានអង្គរ កងកម្លាំងប្រដាប់អាវុធ ទីភ្នាក់ងារទេសចរណ៍ និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានផ្តល់នូវកិច្ចសហការយ៉ាងជិតស្និទ្ធសម្រាប់វឌ្ឍនភាពនៃការរៀបចំធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា ចាប់ពីថ្ងៃទី២៤-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ៕



អត្ថបទ និងរូបភាព៖ លោក ជា ស្រស់, ឈិត សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ








