នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រសួងអប់រំ យុវជន និងកីឡា សហការនិងអង្គការយូនីសេហ្វ បានរៀបចំសិក្ខាសាលាណែនាំ ស្តីពីការរៀបចំផែនការសកម្មភាពគាំពារ និងអភិវឌ្ឍកុមារតូចថ្នាក់ក្រោមជាតិ នៅខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប្រាក់ កុសល អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍកុមារតូច (គ.ជ.គ.ក) និងជាប្រធាននាយកដ្ឋានអប់រំកុមារតូចនៃក្រសួងអប់រំ លោកជំទាវ ស៊ិន ណម ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប (គ.ក.ស.ក) និងលោកស្រី ម៉មនី រង្សី អភិបាលរងខេត្ត ដោយមានការចូលរួមពីតំណាងអង្គការយូនីសេហ្វ និងអ្នកពាក់ព័ន្ធជាច្រើនរូប។

លោកជំទាវ ស៊ិន ណម សិក្ខាសាលានាពេលនេះ រៀបចំឡើងដើម្បីកំណត់ពីយន្តការនៃការរៀបចំផែនការសកម្មភាពស្តីពីការគាំពារ និងអភិវឌ្ឍកុមារតូចជាទម្រង់ពហុវិស័យ យល់ដឹងអំពីនីតិវិធីនៃការចូលរួមកសាងផែនការសកម្មភាពគាំពារ និងអភិវឌ្ឍកុមារតូច និងកំណត់ក្របខណ្ឌពេលវេលានិងបែងចែកការទទួលខុសត្រូវសម្រាប់កសាងផែនការសកម្មភាពស្តីពីការគាំពារ និងអភិវឌ្ឍន៍កុមារតូច។ សិក្ខាសាលានេះពិតជាមានសារ:សំខាន់ណាស់ ដែលបានផ្ដល់ឱកាសឱ្យអ្នកពាក់ព័ន្ធ បានជជែកគ្នាអំពីបញ្ហាជាអាទិភាពតាមមន្ទីរវិស័យ ដោយផ្អែកលើការវិភាគអំពីស្ថានភាពក្នុងខេត្ដ និងការរៀបចំផែនការបន្ដ ដើម្បីធ្វើយ៉ាងណាឱ្យកុមារតូចគ្រប់រូបមានឱកាសបានចូលរៀន និងទទួលបានការគាំទ្រប្រកបដោយសមធម៌ និងបរិយាបន្ន។
លោកជំទាវបន្ដថា ក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណិត្ដថ្មី បានចាត់ទុកការអភិវឌ្ឍធនធានមនុស្ស ឬវិស័យអប់រំជាអាទិភាពទីមួយ និងធនធានមនុស្សជាទុនមួយសំដៅរួមចំណែកធ្វើឱ្យប្រទេសមានការអភិវឌ្ឍ។ ដូច្នេះដើម្បីចូលរួមចំណែកក្នុងការឆ្លើយតបយ៉ាងណាឱ្យសម្រេចបានផែនការគ្រប់អ្នកពាក់ព័ន្ធ ត្រូវសហការគ្នាក្នុងការបង្កើតឱកាសចូលបណ្ដុះកុមារតូចៗទាំងនៅថ្នាក់មត្ដេយ្យសិក្សា កុមារនៅបឋមសិក្សា និងមធ្យមសិក្សា ពង្រឹងគុណភាពនៃការអប់រំតាមសាលារៀន និងសហគមន៍របស់ខ្លួនប្រកបដោយសមធម៌។
លោកជំទាវបន្ថែមថា សិក្ខាសាលានេះជាផ្នែកមួយនៃការចូលរួមចំណែកជួយលើកស្ទួយគុណភាពនៃការអប់រំ និងការគាំពារកុមារតូចក្នុងខេត្ដសៀមរាប ដើម្បីឆ្ពោះទៅសម្រេចបានក្នុងការរុញច្រានប្រទេសកម្ពុជាឱ្យប្រែក្លាយជាប្រទេសមានចំណូលសេដ្ឋកិច្ចមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលសេដ្ឋកិច្ចកម្រិតខ្ពស់នៅឆ្នាំ២០៥០ ដែលឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាបានទាន់ពេលវេលា។

ឯកឧត្ដមបណ្ឌិត ប្រាក់ កុសល មានប្រសាសន៍ថា ការងារអភិវឌ្ឍកុមារតូចថ្នាក់ក្រោមជាតិ ជាការងារពហុវិស័យមួយ ពីព្រោះថាកុមារមួយរូបដែលមានសក្ដានុពល មានគុណភាព គឺចាំបាច់ត្រូវមានសុខភាព អនាម័យ ការអភិវឌ្ឍផ្លូវចិត្ដ ការអប់រំ ទើបអាចក្លាយជាមនុស្សដែលមានសមត្ថភាព។ ជាក់ស្ដែងសម្រាប់ខេត្តសៀមរាប មានកុមារអាយុ៥ឆ្នាំ ប្រមាណ៨០ភាគរយ បានទទួលការអប់រំកុមារតូច ដែលទិន្នន័យនេះលើសពីចំណុចដៅរបស់ថ្នាក់ជាតិ ដែលនេះឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ដ មន្ទីរអង្គភាពពាក់ព័ន្ធ រួមនឹងអង្គការដៃគូ ដែលជួយផ្ដល់សេវាអប់រំក្នុងមត្ដេយ្យសិក្សាគ្រប់រូបភាពទាំងមត្ដេយ្យរដ្ឋ និងមត្ដេយ្យឯកជន៕



អត្ថបទ៖ លោក អោត រត់, រូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក ហាំ ម៉េងហួត









