កុមារចំនួន១២៤នាក់ មកពីអង្គការ ABC and Rice ក្នុងខេត្តសៀមរាប បានទទួលការបណ្ដុះបណ្ដាលពីរបៀបហែលទឹក ដើម្បីផ្តល់សមត្ថភាពពីការការពារ និងរំដោះខ្លួនពីការលង់ទឹកពីគ្រូបង្វឹកមកពីក្លឹបហែលទឹក Blue dolphin និងគ្រូបង្រៀនហែលទឹកស្ម័គ្រចិត្តកម្ពុជា ថៃ អាមេរិក បែលហ្សិក សរុប១១នាក់ ដែលការបណ្ដុះបណ្ដាលនេះមានរយៈពេល៣ថ្ងៃ ចាប់ថ្ងៃទី០៥-០៧ ខែមីនា ឆ្នាំ២០២៥ ដោយទទួលបានមូលនិធិពី Family Bergqvist Foundation។
លោក បាយុ ណាត់ថាសាក់ ថាវុដុំ គ្រូបង្រៀនហែលទឹកមកពីប្រទេសថៃ បានឱ្យដឹងថា ការហែលទឹកជាជំនាញសំខាន់សម្រាប់មនុស្សគ្រប់រូប ទាំងកូនក្មេងក៏ដូចជាមនុស្សធំ ប្រសិនបើគ្មានជំនាញនេះទេ វាអាចបណ្តាលឱ្យកុមារលង់ទឹក និងមានគ្រោះថ្នាក់ដល់ជីវិតបាន។ សម្រាប់ការបណ្ដុះបណ្ដាលនាពេលនេះ គឺជាលើកទី៤ហើយ សម្រាប់ខេត្តសៀមរាប។ គម្រោងនេះត្រូវបានអនុវត្តមុនរដូវក្តៅ ដោយសាររដូវនេះមានស្ថិតិកុមារលង់ទឹកខ្ពស់ ជាពិសេសនៅប្រទេសកម្ពុជាកុមារទទួលបានឱកាសស្វែងយល់អំពីការរៀនហែលទឹកជួយខ្លួនឯងបានតិចតួចនៅឡើយ ដែលការបណ្ដុះបណ្ដាលនេះដែរ គឺយើងបានជ្រើសរើសខេត្តសៀមរាប ជាអាទិភាពសម្រាប់កម្មវិធីបង្រៀន។
បើយោងតាមរបាយការណ៍អង្កេតរបស់អង្គការសុខភាពពិភពលោក បានបង្ហាញថា នៅទូទាំងពិភពលោក អត្រាលង់ទឹកខ្ពស់បំផុតកើតឡើងក្នុងចំណោមកុមារដែលមានអាយុពី ១-៤ឆ្នាំ បន្ទាប់មកគឺកុមារអាយុពី ៥-១៤ឆ្នាំ ដោយ៩២ភាគរយ នៃការស្លាប់ដោយលង់ទឹកកើតឡើងនៅក្នុងប្រទេសដែលមានចំណូលទាប និងមធ្យម ប៉ុន្តែករណីស្លាប់ក្នុងឧបទ្ទវហេតុនេះ គឺអាចការពារបានទាំងស្រុង៕
អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ








