អាជ្ញាធរខេត្តសៀមរាប បានជំរុញឱ្យប្រជាពលរដ្ឋបង្កើនការដាំដុះ និងចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ តាមសហគមន៍ និងតាមសាលារៀន បង្កើនភាពមានស្បៀងឱ្យបានគ្រប់គ្រាន់ទាំងបរិមាណ គុណភាព សុវត្ថិភាព និងធានាឱ្យមានប្រភពស្បៀងអាហារចម្រុះមុខច្រើនជាងមុន។
យុទ្ធនាការ “គ្រប់គ្រាន់” ក្រោមពាក្យស្លោក ជីវជាតិគ្រប់គ្រាន់ អាហារគ្រប់គ្រាន់ នៅខេត្តសៀមរាប នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ លោក លី សារី អភិបាលរងខេត្ត បានគូសបញ្ជាក់ថា តាមការព្យាករណ៍តម្លៃអាហារមានការកើនឡើងនៃ ១០% នៅឆ្នាំ២០៣០ និង ២០% នៅឆ្នាំ២០៥០ ដោយសារការកើនឡើងនៃថ្លៃដើមធាតុចូលកសិកម្ម វិបត្តិហិរញ្ញវត្ថុសកល សង្គ្រាម និងការប្រែប្រួលអាកាសធាតុដែលអាចធ្វើឱ្យប្រជាជនដែលងាយរងគ្រោះអាចជួបការលំបាកកាន់តែខ្លាំង ក្នុងការទទួលបានអាហារដែលមានជីវជាតិ។ កត្តាទាំងនេះ បានគម្រាមកំហែងដល់ស្ថានភាពអាហារូបត្ថម្ភរបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ជាពិសេសស្ត្រី និងកុមារ។
លោកអភិបាលរងខេត្ត បន្តថា ដើម្បីដោះស្រាយបញ្ហានេះ តម្រូវឱ្យមានការលើកកម្ពស់ភាពចម្រុះនៃរបបអាហារ ការធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានអាហារដែលមានជីវជាតិ ការធ្វើពិពិធកម្មកសិកម្ម និងការអនុវត្តគោលនយោបាយកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងតម្លៃម្ហូបអាហារ។ ជាមួយគ្នានេះ ការបរិភោគទឹកមានសុវត្ថិភាព និងប្រតិបត្តិអនាម័យ ដើម្បីទទួលបានសុខភាពល្អ និងលើកកម្ពស់ការបរិភោគអាហារចម្រុះបែបប្រពៃណីខ្មែរ ដោយប្រើប្រាស់អំបិល ស្ករ ខ្លាញ់ ក្នុងកម្រិតសមល្មម និងគាំទ្រដល់អ្នកផលិតម្ហូបអាហារ ខ្មែរដែលសម្បូរសារជាតិ និងមានសុវត្ថិភាព។ ក្នុងនោះ ក៏សូមអំពាវនាវឱ្យមានការវិនិយោគ ភាពជាម្ចាស់ និងការប្តេជ្ញាចិត្តពីភាគីពាក់ព័ន្ធ ដើម្បីកែលម្អរបបអាហារដែលមានសុខភាព ជំរុញញការប្ដេជ្ញាចិត្តក្នុងចំណោមភាគីពាក់ព័ន្ធនានា ក្នុងការអនុវត្តយុទ្ធសាស្ត្រសន្តិសុខភាពស្បៀងជាតិ ឆ្នាំ២០២៤-២០២៨ ដើម្បីលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយស្តីពីសុវត្ថិភាពចំណីអាហារ របបអាហារដែលមានសុខភាពល្អ ការជ្រើសរើសអាហារ និងទម្លាប់នៃការបរិភោគឱ្យបានសមស្របដូចជាបន្លែបៃតង ព្រោះវាបានជួយផ្ដល់អាហារូបត្ថម្ភដល់កុមារយ៉ាងខ្លាំង។
លោក ជេនេស អ៊ីម៉ានូអែល ហ្គីនទីញ នាយកប្រចាំប្រទេសនៃអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា បានលើកឡើងថា បច្ចុប្បន្នអង្គការទស្សនៈពិភពលោក បានសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធ ក្នុងការឆ្លើយតបយ៉ាងសកម្ម ទៅនឹងសុខុមាលភាពកុមារកម្ពុជានៅតាមមូលដ្ឋាន និងសហគមន៍ឱ្យបានសមស្រប តាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ សំដៅបន្តពង្រឹងតួនាទី និងការអភិវឌ្ឍវិស័យកសិកម្មឱ្យទំនើប សម្បូរបែប និងមានភាពធន ដែលគាំទ្រដល់ការអភិវឌ្ឍជនបទសំដៅធានាសន្តិសុខស្បៀង និងសុវត្ថិភាពស្បៀង បង្កើនតម្លៃបន្ថែមខ្ពស់ ជំរុញភាពប្រកួតប្រជែង និងលើកកម្ពស់គុណភាពជីវភាពនៅជនបទ។ ជាមួយគ្នានេះ តាមការបង្ហាញពីអ្នកជំនាញ បាយ និងស្ករបានគ្របដណ្ដប់ជិត ៨០% នៃបរិមាណកាឡូរី ដែលធ្វើឱ្យរបបអាហារខ្វះសារធាតុចិញ្ចឹមសំខាន់ៗ ប្រហែល ៤២% នៃកុមារអាយុ ៦-២០ខែ ទទួលបានរបបអាហារដែលអាចទទួលយកបានតិចតួចបំផុត៕
អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ, ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ








