រយៈពេលពេញ១ឆ្នាំ ឆ្នាំ២០២៤ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានផ្ដល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ បានចំនួន ៤ ៦១៨គ្រួសារ ក្នុងគ្រួសារងាយរងគ្រោះបំផុតចំនួន ៣ ៤៣៩គ្រួសារ និងគ្រួសាររងគ្រោះដោយមហន្តរាយផ្សេងៗ ១ ១៧៩គ្រួសារ។

ក្នុងកម្មវិធីរាត្រីសមោសរ សប្បុរសធម៌ អបអរសាទរខួបលើទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក្រោមប្រធានបទ រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤កន្លងទៅ ក្រុមការងារបានផ្ដល់អំណោយជូនមាតា និងទារកចំនួន ៣៥៨នាក់ កូនភ្លោះ១៤នាក់ បងប្អូនអ្នកផ្ទុកមេរោគអេដស៍មានជីវភាពលំបាក ៤១នាក់។ សាងសង់ផ្ទះមនុស្សធម៌ជូនគ្រួសារក្រ ៥ខ្នង, ឧបត្ថម្ភស័ង្កសីដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់សរុប ៩ ៧៥៤សន្លឹក តង់កៅស៊ូ ៩ផ្ទាំង និងបានធ្វើបច្ចុប្បន្នភាពទិន្នន័យគ្រួសារងាយរងគ្រោះបំផុតទាំង១៣ក្រុងស្រុក សរុប ១៧ ៨៥២គ្រួសារ។

ក្នុងឱកាសនោះដែរ សម្ដេចពិជ័យសេនា នាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស៥ ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានប្រសាសន៍ថា ការជួបជុំនៅពេលនេះ ពិតជាឆ្លើយតបទៅនឹងគោលដៅដ៏ឧត្តុង្គឧត្តមរបស់កាកបាទក្រហមកម្ពុជា ពិសេសបន្តនូវក្ដីសង្ឃឹម និងភាពកក់ក្ដៅដល់ជនរងគ្រោះ និងអ្នកងាយរងគ្រោះបំផុត ដូចជាចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើន ជនពិការ កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ ដែលត្រូវការនូវជំនួយឧបត្ថម្ភចាំបាច់អំពីយើង។ តាមរយៈការបរិច្ចាគថវិការបស់សប្បុរសជន បានជួយឱ្យសាខាកាកបាទក្រហមខេត្ត មានលទ្ធភាពគ្រប់គ្រាន់ក្នុងការជួយដល់ពលរដ្ឋរងគ្រោះ បានទាន់ពេលវេលាដោយមានប្រសិទ្ធភាព។
សម្ដេចពិជ័យសេនា ក៏បានអំពាវនាវដល់សប្បុរសជនជិតឆ្ងាយ សូមបន្តជួយឧបត្ថម្ភគាំទ្រសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដើម្បីឱ្យសាខាកាន់តែមានលទ្ធភាពពង្រីកប្រតិបត្តិការមនុស្សធម៌ប្រកបដោយប្រសិទ្ធភាព ជាពិសេសធានាបាននូវការផ្គត់ផ្គង់ផ្នែកធនធានហិរញ្ញវត្ថុជាកត្តាចាំបាច់មិនអាចខ្វះបានសម្រាប់ការងារនេះ ដែលវប្បធម៌ចែករំលែក គឺជាប្រពៃណីដ៏ឧត្តុង្គឧត្តមរបស់ប្រជាជាតិកម្ពុជាយើង៕


អត្ថបទ៖ លោក អ៊ុន ណារាជ្យ
រូបភាព៖ លោក យូ វង្ស









