គណៈកម្មការគ្រប់គ្រង និងក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាពកណ្ដែក ក្នុងឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានបង្ហាញការប្ដេជ្ញាចិត្តខ្ពស់ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែរហ័ស យកចិត្តទុកដាក់ និងប្រសិទ្ធភាព ជាមួយនឹងក្រុមគ្រូពេទ្យមានសុជីវធម៌ ឥរិយាបថ អាកប្បកិរិយាល្អ និងរួសរាយរាកទាក់ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈទៅកាន់ពលរដ្ឋដែលមកទទួលសេវា។
លោក ពត វុទ្ធា ប្រធានមណ្ឌលសុខភាពកណ្ដែក បានបង្ហាញថា មណ្ឌលសុខភាពមួយនេះ មានផ្ដល់សេវាព្យាបាល ពិគ្រោះជំងឺទូទៅ ដូចជា៖ វះកាត់តូច ពន្យារកំណើត ពិនិត្យផ្ទៃពោះ សម្រាលកូន របេង ទឹកនោមផ្អែម លើសឈាម និងសេវាផ្សេងៗជាច្រើនទៀត។ ស្របជាមួយគ្នានេះ មណ្ឌលសុខភាពកំពុងបង្កើនការផ្ដល់សេវាព្យាបាលជូនប្រជាពលរដ្ឋ ក្នុងការធ្វើឱ្យកាន់តែរហ័ស និងមានលក្ខណៈល្អប្រសើរជាបន្តបន្ទាប់ តាមរយៈការណែនាំដល់ក្រុមគ្រូពេទ្យត្រូវផ្ដល់សេវាប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈជាគ្រូពេទ្យ។
លោកប្រធានមណ្ឌលសុខភាព បញ្ជាក់ថា ក្នុងការអនុវត្តការផ្ដល់សេវាប្រចាំថ្ងៃនេះដែរ គណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព តែងតែសហការជាប្រចាំជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការជួបពិភាក្សាលើចំណុចខ្លាំង និងចំណុចខ្សោយ ក៏ដូចជាបញ្ហាផ្សេងៗ។ ទន្ទឹមនេះមណ្ឌលសុខភាព ក៏តែងតែប្រមូលរាល់បញ្ហាប្រឈម និងសំណួរ សំណូមពរផ្សេងៗពីប្រជាពលរដ្ឋដែលមកទទួលសេវា ក្នុងន័យធ្វើការកែលំអនូវរាល់ចំណុចខ្វះខាតទាំងនោះផងដែរ។
បើតាមប្រជាពលរដ្ឋដែលមកទទួលសេវា ពួកគាត់បានបង្ហាញការពេញចិត្ត ចំពោះការផ្ដល់សេវារបស់ក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាពកណ្ដែក ទាំងការព្យាបាល ការនិយាយស្ដី និងមានក្រមសីលធម៌ល្អថែមទៀតផង។ ជាមួយនោះការផ្ដល់សេវានៅមណ្ឌលសុខភាពមួយនេះ ពីមួយឆ្នាំទៅមួយឆ្នាំកាន់តែល្អប្រសើរ និងអភិវឌ្ឍសមត្ថភាពកាន់តែខ្ពស់ឡើងថែមទៀតផង៕
អត្ថបទ និងរូបភាព៖ លោក អោត រត់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ








