នៅព្រឹកថ្ងៃទី១១ ខែ សីហា ឆ្នាំ២០២៥ នេះព្រះមន្ត្រីសង្ឃខេត្តសៀមរាប និងឯកឧត្តម ប៊ុន ថាឫទ្ធិ តំណាងរាស្ត្រមណ្ឌលសៀមរាប និងជាសមាជិកគណៈកម្មការទី១ នៃរដ្ឋសភា បាននិមន្តនិងអញ្ជើញនាំយកអំណោយជាគ្រឿងឧបភោគបរិភោគរបស់សមាគមសង្រ្គោះជីវិតប្រទេសសិង្ហបូរីផ្តល់តាមរយៈព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និងពុទ្ធិកៈសមាគមកម្ពុជរដ្ឋ ចែកជូនដល់គ្រួសារកងទ័ពនិងជនភៀសសឹកចំនួន៥០០គ្រួសារនៅក្នុងស្រុកគូលែនខេត្តព្រះវិហារ ។
សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម ប៊ុន ថាឫទ្ធិ មានប្រសាសន៍ថា៖ទុក្ខលំបាករបស់ប្រជាពលរដ្ឋគឺជាក្តីកង្វល់ យ៉ាងសំខាន់របស់រាជរដ្ឋាភិបាលក៍ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់។ ការណ៍យើងមិនឈរមើលបានឡើយ រាជរដ្ឋាភិបាលតែងតែគិតគូនិងជួយដោះស្រាយទាន់ពេលវេលា និងមិនទៅណាចោលប្រជាជនទេ យកចិត្តទុកដាក់ជានិច្ចក្នុងជីវភាព រស់នៅរបស់ប្រជាជនជានិច្ច ព្រោះថា ប្រជាជនមានសេចក្ដីសុខ មានភាពសុខសាន្ត ក៏ជាសេចក្តីសុខនិងភាពសុខសាន្តរបស់រាជរដ្ឋាភិបាលនិងប្រទេសជាតិយើងទាំងមូលផងដែរ។
ឯកឧត្តម បានមានប្រសាសន៍បញ្ជាក់ថា៖ កម្ពុជាគឺជាប្រទេសរងគ្រោះនិងជួបបញ្ហាអកុសលដោយសារការឈ្លានរបស់កងទ័ពថៃ ហើយសកម្មភាពឈ្លានពានរបស់ថៃលើដែនអធិបតេយ្យភាពរបស់កម្ពុជា គឺជាការរំលោភបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ។
ឯកឧត្តម ប៊ុន ថាឫទ្ធិ ក៏បានថ្លែងអំណរគុណដល់សមាគមសង្រ្គោះជីវិត នៃប្រទេសសិង្ហបូរី ដែលមានចិត្តសប្បុរស ចំពោះប្រជាជនកម្ពុជា ក្នុងការចូលរួមដោះស្រាយទុក្ខលំបាក ជាមួយរាជរដ្ឋាភិបាលកម្ពុជា នេះបង្ហាញនូវ កាយវិការសប្បុរសធម៌ ព្រមទាំងធ្វើឲ្យក្លាយជាកាលានុវត្តភាព ក្នុងការរឹតចំណងសាមគ្គីភាព និងការពង្រឹងកិច្ចទំនាក់ទំនង សហប្រតិបត្តិការល្អ រវាងប្រទេសជាតិ នៃប្រជាជនទាំងពីរ កាន់តែមានភាពរឹងមាំទ្វេរឡើង។
លោក Goh Tung Heng ប្រធានសមាគមសង្រ្គោះជីវិត នៃ ប្រទេសសិង្ហបូរី បានមានប្រសាសន៍លើកឡើងអំពីគោលបំណងរបស់ក្រុមសមាគមសង្រ្គោះជីវិត គឺជាសមាគមមួយដែលមិនបម្រើនឲ្យយោបាយណាមួយឡើយ គឺបម្រើតែចលនាមនុស្សធម៌នៅលើកពិភពលោកនេះ។ លោកបន្តថា នេះជាអំណោយដ៏តិចតូចក្នុងការចូលរួមដោះស្រាយ និងជួយសម្រាលនូវការខ្វះខាតរបស់បងប្អូនចំពោះមុខបានមួយរយៈហើយសមាគមរបស់លោកនឹងបន្តជួយដល់ប្រជាពលរដ្ឋកម្ពុជា ជួបការខ្វះខាតនៅតំបន់មូលដ្ឋានផ្សេងៗទៀតផងដែរ ៕











