ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ លោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានជំរុញដល់គ្រប់ភាគីពាក់ព័ន្ធត្រូវខិតខំយកចិត្តទុកដាក់ធ្វើការបង្ក្រាបបទល្មើសនានា ដែលពាក់ព័ន្ធការបំផ្លាញធនធានធម្មជាតិ ជាពិសេសនៅក្នុងតំបន់ដែនជម្រកសត្វ និងតំបន់ឧទ្យានជាតិ។

លោក អ៉ឹង គឹមលាង បានថ្លែងថា ការកាប់ទន្ទ្រានព្រៃយកដី និងការកាប់ឈើដឹកជញ្ជូនខុសច្បាប់នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប នៅតែកើតមានជាពិសេសការទន្ទ្រានដីក្នុងតំបន់ការពារ តំបន់ដែនជម្រកសត្វព្រៃ និងឧទ្យានជាតិ។ ក្នុងបរិបទនេះ យើងត្រូវរួមគ្នាស្វែងរកមធ្យោបាយដើម្បីបញ្ចប់ការទន្ទ្រានព្រៃយកដី។ ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋានត្រូវសហការជាមួយកម្លាំងជំនាញដើម្បីក្តាប់ឱ្យបាននូវមុខសញ្ញាដែលប្រព្រឹត្តបទល្មើសទាំងនោះ ធ្វើយ៉ាងណាទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលា។
យោងតាមរបាយការណ៍របស់មន្ទីរបរិស្ថានខេត្ត ក្នុងខេត្តសៀមរាបមានតំបន់ការពារធម្មជាតិចំនួន ៨ មានផ្ទៃដីប្រមាណ ២៨ម៉ឺនហិកតា និងមានសហគមន៍តំបន់ការពារធម្មជាតិចំនួន ១១ទីតាំង។ ក្នុងតំបន់ការពារទាំងនោះ មានការលបលួចចូលទៅទន្ទ្រានយកដីជាបន្តបន្ទាប់។ ប៉ុន្តែទោះជាយ៉ាងនេះក្តី កម្លាំងការពារតំបន់ទាំងនោះដោយមានកិច្ចសហការជាមួយអាជ្ញាធរស្រុក តែងបានធ្វើការទប់ស្កាត់ និងបង្ក្រាបបានជាបន្តបន្ទាប់។
ក្នុងនោះ ដែនជម្រកសត្វព្រៃបឹងពែរ ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព និងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ក្នុងភូមិសាស្ត្រខេត្តសៀមរាប បាននឹងកំពុងចុះអនុវត្តការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយបានចូលរួមសហការជាមួយកងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប កម្លាំងគណៈបញ្ជាការឯកភាពស្រុកស្វាយលើ និងគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ៕




អត្ថបទ រូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ








