នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អមដំណើរដោយ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំរៀបចំពីធីបួងសួងសុំសេចក្ដីសុខ នៅតាមទីសក្ការក្នុងខេត្តសៀមរាប ដើម្បីសុំឱ្យបងប្អូនកងទ័ពនៅសមរភូមិមុខមានជ័យជម្នះ ឈ្នះអស់មាសត្រូវគ្រប់ទីកន្លែង និងសុំឱ្យប្រជាជនជួបតែសេចក្តីសុខចម្រើនគ្រប់ប្រការ។
ពិធីបួងសួងចម្រើនសេចក្តីសុខនេះ ប្រារព្ធធ្វើក្នុងគោលបំណងបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ បារមីព្រះអង្គចេក-ព្រះអង្គចម បារមីគ្រប់ព្រះអង្គនៅក្នុងទីឋានអភិរក្សអង្គរ ដួងវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ មហាបុព្វបុរសដូនតាខ្មែរ ដួងព្រលឹងមេទ័ពតូច-ធំ សូមប្រោះព្រំព្រះរាជាណាចក្រកម្ពុជាឱ្យមានសុខសន្តិភាព ជាតិសុខសាន្តត្រាណ រីកចម្រើននិងអភិវឌ្ឍជាលំដាប់ ចៀសឆ្ងាយពីសត្រូវឈ្លានពាន យាយីទាំងឡាយ ជាពិសេសគឺសូមតាមថែរក្សាបងប្អូនប្រជាជនកម្ពុជាគ្រប់ៗរូប រួមទាំងវីរកងទ័ពទាំងអស់មានសុខភាពល្អបរិបូរណ៍ មានសុខសុវត្ថិភាព រស់នៅប្រកបរបររកទទួលទានមានបានគ្រប់ៗគ្នា។
សូមបញ្ជាក់ថា សម្រាប់ពិធីបួងសួងចម្រើនសេចក្តីសុខ រៀបចំឡើងនៅទីតាំងព្រះអង្គចេក ព្រះអង្គចម លោកយាយទេព ព្រះអង្គកងជុំ លោកតាដំបងដែក មេទ័ពធំ ព្រះអង្គគោកធ្លក និងព្រះអង្គជុំ ប្រាសាទអង្គរវត្ដ ព្រះអង្គរាជ ព្រះនាងលក្ម្ស៊ី ព្រះអង្គរយពាន់ ព្រះអង្គបាកាន និងទីតាំងព្រះអង្គពេជ្រ៕
អត្ថបទ និងរូបភាព៖ លោក អោត រត់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ








