កាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២១៨ម្សិលមិញនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដឹកនាំដោយលោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាសាខាខេត្ត បានអញ្ជើញចុះចែកអំណោយសង្គ្រោះបន្ទាន់ដល់ពលរដ្ឋរស់នៅក្នុងភូមិព្រៃប្រស់ ឃុំសង្វើយ ស្រុកជីក្រែង ចំនួន ៥១គ្រួសារ ដែលលំនៅដ្ឋានពួកគាត់រងគ្រោះដោយទឹកជំនន់បឹងទន្លេសាប ហើយបានមកស្នាក់នៅបណ្តោះអាសន្នលើទីទួលសុវត្តិភាព ក្រោមការរៀបចំរបស់អាជ្ញាធរស្រុកជីក្រែង ដែលក្នុងមួយគ្រួសារទទួលបានមុង១ , ក្រមានិងខោអាវ១កញ្ចប់ , ត្រីខ១យួរ , មី ១កេស , អង្ករ ២៥គីឡូក្រាម ,ទឹកសុទ្ធ ២យួរ , តង់១ និង ថវិកា៥ម៉ឺនរៀល និង ឧបត្ថម្ភដល់ជនពិការ នូវរទេះរុញ ១គ្រឿង , ត្រីខ ១យួរ , មី ១កេស , អង្ករ ២៥គក្រ ,ទឹកសុទ្ធ ២យួរ ឃីត១កញ្ចប់ និង ថវិកា៥ម៉ឺនរៀល ។
លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង មានប្រសាសន៍ថា ពាក្យថា អំណោយសង្គ្រោះបន្ទាន់ វាពិតជាសកម្មភាពមួយ ដើម្បីជួយចម្លងបងប្អូនឆ្លងកាត់លំបាកមួយគ្រាតែប៉ុណ្ណោះ ប៉ុន្តែសង្ឃឹមថា បងប្អូននឹងមានជីវភាពរស់នៅជាប្រក្រតីឡើងវិញ ក្រោយពេលដែលទឹកជំនន់ បានដកថយទៅវិញ ។
លោកជំទាវបាន បញ្ជាក់បន្ថែមថា ទីណាដែលបងប្អូនប្រជាពលរដ្ឋជួបការលំបាកដោយវិបត្តិផ្សេងៗដែលទាក់ទងទៅនឹងកង្វះខាតក្នុងជីវភាពរស់នៅ ឬ រងគ្រោះដោយធម្មជាតិ ដូចជាគ្រោះរាំងស្ងួត គ្រោះទឹកជំនន់ ខ្យល់ព្យុះ ជាដើម គឺទីនោះ ត្រូវតែមានវត្តមានកាកបាទក្រហមកម្ពុជា ដែលនេះគឺជាកំណត់ត្រាឆន្ទៈ នៃសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលត្រូវបានបញ្ជ្រាបចូលទៅក្នុងឆន្ទៈនៃប្រតិបត្តិករការងារមនុស្សធម៌ ដើម្បីបញ្ចេញសកម្មភាពលើគ្រប់ផ្នែក ទាំងការអំពាវនាវស្វែងរកមូលនិធិសប្បុរសធម៌តាមគ្រប់រូបភាព តាមរយៈនៃការបំផុលចលនា វប្បធម៌ចែករំលែក និងការដឹកជញ្ជូនអំណោយទៅកាន់គោលដៅនៃការជួយសង្គ្រោះ ៕
អត្ថបទ និង រូបថត ៖ សហការី
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត
#មន្ទីរព័ត៌មានខេត្តសៀមរាប