លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា សំណង់អគាររដ្ឋ , ភោជនីយដ្ឋាន និងតូបលក់ដូរគ្រប់ប្រភេទសរុបប្រមាណ១៥០ខ្នង នៅបរិវេណខាងលិចប្រាសាទអង្គរវត្ត ត្រូវបានរុះរើរួចរាល់ទាំងស្រុង នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ ដែលការរុះរើនេះបានដំណើរការកាលពីដើមឆ្នាំ២០២០ ដោយមានការស្ម័គ្រ និងឆន្ទៈរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ និងសម្បទាទេសចរណ៍របស់ម្ចាស់សំណង់អាជីវកម្ម ក្រោមកិច្ចសម្របសម្រួលរបស់អាជ្ញាធរជាតិអប្សរា ដើម្បីរួមគ្នាលើកតម្លៃរមណីយដ្ឋានអង្គរឱ្យសមជាបេតិកភណ្ឌពិភពលោក។ ឯកឧត្ដមបានបន្ដថា ចំពោះអាជីវករដែលបានរុះរើតូបខ្លួនរួចរាល់ហើយ នឹងចាប់ផ្តើមដំណើរការលក់ដូរឡើងវិញ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះតទៅ នៅក្នុងបរិវេណនៃបណ្តុំអាគារទីលានបដិសណ្ឋារកិច្ច ដែលជាសំណង់ថ្មី ស្អាត ងាយស្រួល ហើយមានអនាម័យជាងមុន។
លោក យិត ចាន់ដារដ្ឋ មានប្រសាសន៍ទៀតថា តាមគម្រោងរបស់អាជ្ញាធរជាតិអប្សរា នឹងធ្វើការរៀបចំកែប្រែតំបន់អតីតសំណង់នៅទីនេះ ឱ្យក្លាយជាផ្លូវថ្មើរជើង , សួនឈើប្រណីត , សួនឈើផ្កាព្រៃ និងរុក្ខជាតិលម្អដែលមានក្លិនពិដោរក្រអូបៗផង ឱ្យមានភាពស្រស់បំព្រង មានពណ៌បៃតង បរិយាកាសល្អ និងសណ្តាប់ធ្នាប់កាន់ប្រសើរឡើង៕
អត្ថបទ និង រូបថត ៖ លោក ឈិត សាវី
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត