ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប ដឹកមន្ត្រីពាក់ព័ន្ធក្រោមឪវាទ បានអញ្ជើញចុះពិនិត្យការរៀបចំផ្សារបណ្តោះអាសន្ន និង ជួបសាកសួរសុខទុក្ខបងប្អូនអាជីវករ ដែលមកពីផ្សារលើធំថ្មី ហើយកំពុងលក់ដូរនៅផ្សារបណ្តោះអាសន្ន ស្ថិតនៅតាមបណ្តោយផ្លូវ ៦០ម៉ែត្រ ខាងមុខផ្សារផាមកុងទីន័រ សង្កាត់ស្លក្រាម ក្រុង និងខេត្តសៀមរាប នារសៀលថ្ងៃទី០៦ ខែសីហា ២០២១នេះ ។
ឯកឧត្តម ទៀ សីហា បានថ្លែងក្នុងឱកាសចុះសួរសុខទុក្ខក្រុមអាជីវករថា សូមឲ្យបងប្អូនទាំងអស់ ចេះមើលគ្នា ដើម្បីបែងចែកកន្លែងត្រូវលក់សំរាប់តែអាជីវករមកពីផ្សារលើធំថ្មីតែប៉ុណ្ណោះ ដោយអ្នកចាស់ត្រូវបានចាប់ឆ្នោតមុន នឹងអ្នកថ្មីចាប់ឆ្នោតតាមក្រោយ ដោយចាប់ឆ្នោតនេះគឺមានអាជ្ញាធរក្រុងជាអ្នករៀបចំបែងចែកជូនបងប្អូនអាជីវករ។ ឯកឧត្តមបានអំពាវនាវដល់ក្រុមអាជីវករទាំងអស់ សូមមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះការឆ្លងរីករាលដាលជំងឺកូវីដ-១៩នេះ ពីព្រោះថាជំងឺនេះកាចសាហាវខ្លាំងណាស់ ជាពិសេសប្រភេទឌែលតា Delta ត្រូវរក្សាគម្លាត និងអនុវត្តវិធានការ របស់ក្រសួងសុខាភិបាលជាពិសេសប្រមុខរាជរដ្ឋាភិបាល គឺ ៣កុំ ៣ការពារឱ្យបានជាប្រចាំ។
សូមជម្រាបថា ផ្សារលើធំថ្មី នៅក្នុងក្រុងសៀមរាប ត្រូវបានអាជ្ញាធរខេត្តសៀមរាប បិទជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១កន្លងមក បន្ទាប់ពីរកឃើញអ្នកឆ្លងមេរោគជំងឺកូវីដ-១៩ ទៅលើអាជីវករលក់ដូរ, អ្នកអនាម័យបន្ទប់ទឹក, អ្នកយកភាសុី និងប្រជាពលរដ្ឋជាច្រើននាក់៕
អត្ថបទ និងរូបភាព: លោកខេង ឧត្តម និងលោកបូ សាវី
កែសម្រួលដោយ លីវ សុខុន!!!