អ្នកជំនាញទេសចរណ៍ បានឱ្យដឹងថា ក្នុងរយៈពេល០៥ខែឆ្នាំ២០២២នេះ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរចំនួនជាង១លាននាក់ កើនឡើងជាង ៧៤៤ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២១ មានចំនួនប្រមាណជាង ១២១.០០០ នាក់ ។
យោងតាមរបាយការណ៍លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្ដសៀមរាប បានឱ្យដឹងនៅថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០២២នេះថា ក្នុងរយៈពេល៥ខែ ចាប់ពីខែមករា ដល់ខែមិថុនាឆ្នាំ២០២២នេះ មានអ្នកទេសចរជាតិនិងអន្ដរជាតិ ទៅទស្សនាកម្សាន្តក្នុងខេត្ដសៀមរាប មានចំនួន ១.០២៧.៧៧៩នាក់ ក្នុងនោះ៖ ភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៤៥.៧៧៩ នាក់ កើន ៨៥៩,៩២ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ មានចំនួន៤.៧៧៤នាក់ , ភ្ញៀវទេសចរជាតិមានចំនួនប្រមាណ៩៨២.០០០ នាក់ មានការកើនឡើងចំនួន ៧៤០,២១ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ មានចំនួនប្រមាណ ១១៦.៨៧៥ នាក់។
របាយការណ៍បន្ដថា ភ្ញៀវទេសចរគិតតាមលំដាប់ថ្នាក់សញ្ជាតិ តាមគ្រប់មធ្យោបាយ រួមមាន ជនជាតិចិន ជនជាតិបារាំងជនជាតិ ជនជាតិ អាមេរិ អាឡឺម៉ង់ ជនជាតិវៀតណាម ជនជាតិ សឹង្ហបុរី ជនជាតិអូស្ត្រាលី ជនជាតិឥណ្ឌា និងជនជាតិកូរ៉េ ។
របាយការណ៍បានបន្ថែមថា ជើងហោះហើរ ចូលខេត្ដសៀមរាប ក្នុងរយៈពេល០៥ខែនេះ មានចំនួន២៩២ជើង មានអ្នកដំណើរសរុបចំនួន ២៤.៥៥១ នាក់ ក្នុងនោះ ៖ ក្រុមហ៊ុន Singapore Airline (សឹង្ហបុរី-សៀមរាប) មានចំនួន ១៥១ ជើង អ្នកដំណើរ ១៧.២០១ នាក់ , ក្រុមហ៊ុន Air Asia (កូឡាឡាំពួរ-សៀមរាប) មានចំនួន ១២ ជើង អ្នកដំណើរ ១.៥៤៥ នាក់ , ក្រុមហ៊ុន Thai Smile (បាងកក-សៀមរាប) មានចំនួន ១០ ជើង អ្នកដំណើរ ៩៤៧ នាក់ ,ក្រុមហ៊ុន China Eastern (គួនមីង-សៀមរាប) មានចំនួន ០២ ជើង អ្នកដំណើរ ១៧១ នាក់ , ក្រុមហ៊ុន Bangkok Air (បាងកក-សៀមរាប) មានចំនួន ០១ ជើង អ្នកដំណើរ ៦៣ នាក់ , ក្រុមហ៊ុន Air Iceland (GUM-REP) មានចំនួន ០១ ជើង អ្នកដំណើរ ៣៨ នាក់ ។ដោយឡែកការហោះហើរជាលក្ខណៈ Charter Flight មានចំនួន ២៩ ជើង អ្នកដំណើរ ១៨៥ នាក់ និង ក្រុមហ៊ុន Air Asia បានចាប់ផ្តើការហោះហើរ (កូឡាឡាំពួរ-សៀមរាប) កាលពីថ្ងៃទី២៥ ខែ មេសា ឆ្នាំ២០២២រហូតដល់បច្ចុប្បន្ន ដោយធ្វើការហោះហើរ ០២ ជើងក្នុងមួយសប្តាហ៍ (ពីថ្ងៃពុធ និងថ្ងៃអាទិត្យ) និងពីបាងកក-សៀមរាប ចាប់ពីថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ២០២២ មានចំនួន ០៣ ជើងក្នុងមួយសប្តាហ៍ (ថ្ងៃ អង្គារព្រហស្បតិ៍ និងថ្ងៃសៅរ៍) ។
ជាមួយគ្នានោះ ការហោះហើរក្នុងស្រុក រួមមានក្រុមហ៊ុន Cambodia Angkor Air (ភ្នំពេញ-សៀមរាប) មានចំនួន ៨៤ ជើង អ្នកដំណើរ ៤.១៤៧ នាក់ និង ក្រុមហ៊ុន Cambodia Airway (ភ្នំពេញ-សៀមរាប) មានចំនួន ០២ ជើង អ្នកដំណើរ ២១៤ នាក់ ។
ដោយឡែករបាយការណ៍ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ បានបង្ហាញថា លំហូរភ្ញៀវទេសចរទៅទស្សនាក្នុងតំបន់អង្គរ មានភ្នាក់ងារទេសចរនៃអាជ្ញាធរជាតិអប្សរា បានជួយសង្រ្គោះបឋម ដល់ភ្ញៀវទេសចរ បានចំនួន៤៩ករណី ក្នុងនោះ ៖ គ្រោះថ្នាក់ រអិលជើង រឺជំពប់ជើងបណ្តាលឱ្យដួលចំនួន ០៦ករណី , គ្រោះថ្នាក់ចរាចរណ៍ចំនួន ១៩ករណី , ខ្យល់គដួលសន្លប់ចំនួន១៣ករណី និង សត្វស្វាខាំចំនួន ១១ករណី ខណៈអាជ្ញាធរជាតិអប្សរា បានស្នើដល់អ្នកទេសចរជាតិ និងអន្ដររជាតិ សូមបើកបរដោយបន្ថយល្បឿន សូមបោះចោលសំរាមនៅក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ និងហាមទៅឈរជិតសត្វស្វាជាដើម ៕
អត្ថបទ និងរូបភាព ៖ លោក ឈិត សាវី
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត