នៅយប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥នេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានទទួលជើងហោះហើរជាលើកដំបូងពីទីក្រុងឌូបៃ តាមរយៈក្រុមហ៊ុនអាកាសចរណ៍ Emirates Airline ទិសដៅ ឌូបៃ-បាងកក-សៀមរាប ជាប្រភេទយន្តហោះ Boeing 777-300ER ក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីថ្នាក់ដឹកនាំអាកាសចរណ៍ស៊ីវិល ថ្នាក់ដឹកនាំខេត្ត រួមនឹងថ្នាក់ដឹកនាំពាក់ព័ន្ធជាច្រើនរូប។
ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា ប្រទេសអេមីរ៉ាតអារ៉ាប់រួម កំពុងក្លាយជាទីផ្សារយុទ្ធសាស្ត្រដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា។ ដូច្នេះហើយការពង្រីកការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates នឹងជួយជំរុញទាំងវិស័យទេសចរណ៍ និងពាណិជ្ជកម្មបានកាន់តែរីកចម្រើន។ ផ្លូវហោះហើរថ្មីនេះ នឹងធ្វើឱ្យទំនាក់ទំនងទ្វេភាគីរបស់យើងកាន់តែមានភាពស៊ីជម្រៅ ក៏ដូចជាជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ ជាពិសេសទឹកដីប្រវត្តិសាស្ត្រសៀមរាបអង្គរ។
លោក Nabil Sultan អនុប្រធានប្រតិបត្តិផ្នែកលក់ និងអ្នកគ្រប់គ្រងប្រចាំប្រទេសរបស់ក្រុមហ៊ុន Emirates បានបង្ហាញក្ដីជឿជាក់ថា ផ្លូវហោះហើរថ្មីនេះ នឹងជួយពង្រឹងបន្ថែមនូវលំហូរទេសចរណ៍ និងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប្រទេសដទៃទៀតនៅទូទាំងពិភពលោក ជាពិសេសជាមួយប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ លោកក៏បានអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងអាកាសយានដ្ឋានក្នុងប្រទេសកម្ពុជា សម្រាប់ការគាំទ្រ និងការខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់។
លោក Mohammed Al Qassim អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជារបស់ Emirates បានឱ្យដឹងថា ដោយបានឃើញពីការខិតខំប្រឹងប្រែងក្នុងការពង្រឹងវិស័យទេសចរណ៍ និងពាណិជ្ជកម្មរបស់កម្ពុជា Emirates ក៏បានប្ដេជ្ញាចិត្ត ក្នុងការចូលរួមគាំទ្រចក្ខុវិស័យរបស់កម្ពុជា តាមរយៈការផ្ដល់នូវការតភ្ជាប់ផ្លូវហោះហើរដ៏សំខាន់ទៅទីក្រុងឌូបៃ និងទៅទីកន្លែងផ្សេងៗទៀត។ លោកមានទំនុកចិត្តយ៉ាងមុតមាំលើសសក្ដានុពលរបស់ខេត្តសៀមរាប និងទន្ទឹងរង់ចាំធ្វើការជាមួយដៃគូពាក់ព័ន្ធក្នុងស្រុក និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្សព្វផ្សាយផ្លូវហោះហើរថ្មីនេះ ដល់អតិថិជនរបស់យើងនៅទូទាំងពិភពលោកឱ្យបានកាន់តែច្រើន។
សូមបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ Emirates ហោះហើរ ៣លើកក្នុងមួយសប្ដាហ៍ មកកាន់ខេត្តសៀមរាប ពោលគឺនៅថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍ ក្នុងគោលបំណងផ្ដល់ជូនអ្នកធ្វើដំណើរកម្សាន្តពីទីផ្សារអឺរ៉ុបសំខាន់ៗរបស់ក្រុមហ៊ុនអាកាសចរណ៍ រួមមានប្រទេសបារាំង ចក្រភពអង់គ្លេស ប្រទេសអាល្លឺម៉ង់ ប្រទេសអេស្ប៉ាញ ប្រទេសព័រទុយហ្កាល់ និងប្រទេសរុស្ស៊ី ជាដើម៕


អត្ថបទ និងរូបភាព៖ មន្ត្រីមន្ទីរ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ









