នាពេលរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ កម្ពុជា និងចិន បានសហការគ្នារៀបចំកម្មវិធីធ្វើបទបង្ហាញ ស្តីពីវប្បធម៌ និងទេសចរណ៍ដ៏ល្បីល្បាញនៃក្រុងផេងចូវ និងក្រុងសៀមរាប ដើម្បីស្វាគមន៍ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» ដែលពិធីនេះមានការចូលរួមពីលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប និង លោក លាវ ទុន អគ្គលេខាធិការបក្សប្រចាំក្រុងផេងចូវ ព្រមទាំងភ្ញៀវកិត្តិយស និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
ឆ្នាំ២០២៥ ជាឆ្នាំស្វាគមន៍ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» ដែលបង្ហាញពីចំណងមិត្តភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ។ កម្មវិធីនេះបានបើកទំព័រថ្មីសម្រាប់ការសន្ទនា និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅរវាងក្រុងទាំងពីរ គឺក្រុងផេងចូវ និងក្រុងសៀមរាប ដែលជាក្រុងមិត្តភាព។ ព្រឹត្តិការណ៍នេះដែរ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងផ្សព្វផ្សាយធនធានទេសចរណ៍ ព្រមទាំងបេតិកភណ្ឌវប្បធម៌នៃទីក្រុងទាំងពីរ។
«ឆ្នាំទេសចរណ៍កម្ពុជា-ចិន» ក៏បានដើរតួជាស្ពានភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងក្រុងទាំងពីរ ក្នុងគោលបំណងធ្វើឱ្យអារ្យធម៌ចិនដ៏ផូរផង់ និងវប្បធម៌ខ្មែរដ៏រុងរឿង កាន់តែមានភាពជិតស្និទ្ធតាមរយៈការប្រាស្រ័យទាក់ទង និងកិច្ចសហប្រតិបត្តិការ។ សកម្មភាពទាំងនេះ គឺជាជំហានជាក់ស្ដែងមួយក្នុងការលើកកម្ពស់ការរួមបញ្ចូលវប្បធម៌-ទេសចរណ៍ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ដែលជាក្ដីស្រមៃនៃការអភិវឌ្ឍន៍រួមគ្នារបស់ប្រជាជននៃប្រទេសទាំងពីរ។
ក្នុងន័យនេះភាគីកម្ពុជា និងចិន បានធ្វើបទបង្ហាញលម្អិតអំពីសក្ដានុពលវប្បធម៌ និងទេសចរណ៍នៃក្រុងនីមួយៗ ដោយបង្ហាញពីភាពស្រស់ស្អាត និងធនធានដ៏សំបូរបែបរបស់ក្រុងផេងចូវ និងក្រុងសៀមរាប។ ក្នុងបទបង្ហាញ ក៏បានបង្ហាញនូវការតាំងបង្ហាញផលិតផល និងបទពិសោធន៍វប្បធម៌ទេសចរណ៍ផ្សេងៗ ធ្វើឱ្យអ្នកចូលរួមទាំងអស់កាន់តែយល់ច្បាស់អំពីសក្ដានុពលពាណិជ្ជកម្ម និងចំណងមិត្តភាពរវាងទីក្រុងទាំងពីរ។
ព្រឹត្តិការណ៍នេះបានឈានដល់ការសម្រេចបាននូវកិច្ចសហប្រតិបត្តិការជាច្រើន ដែលបានធ្វើឱ្យភាគីទាំងពីរជឿជាក់ថា នាពេលអនាគត ក្រុងផេងចូវ និងក្រុងសៀមរាប នឹងសម្រេចបាននូវសមិទ្ធផលរីកចម្រើនលើវិស័យវប្បធម៌ ទេសចរណ៍ និងពាណិជ្ជកម្ម។ ក្នុងនោះ ក៏មានការចុះ អនុស្សរណៈយោគយល់គ្នា (MoU) ស្ដីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ដែលមិនត្រឹមតែជាការចាប់ផ្ដើមនៃកិច្ចសហការក្នុងតំបន់ប៉ុណ្ណោះទេ តែវាក៏ជាសញ្ញានៃទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងក្រុងទាំងពីរផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ









